(បរទេស)៖ ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍នៅថ្ងៃអង្គារសប្តាហ៍នេះថា តុលាការក្រុងមូស្គូបានពិន័យវេទិកា Telegram ចំនួន ៧ លានរូប្លែ (ប្រហែល ៨០,០០០ ដុល្លារ) សម្រាប់ការបដិសេធមិនដកចេញនូវខ្លឹមសារដែលអំពាវនាវឱ្យមានការវាយប្រហារភេរវកម្ម និងការចូលរួមក្នុងការតវ៉ាក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥។
TASS បានរាយការណ៍ដោយដកស្រង់ឯកសាររបស់តុលាការថា «Telegram Messenger Inc. ដែលជាម្ចាស់នៃធនធានព័ត៌មាន បានបរាជ័យក្នុងការលុបព័ត៌មាន និងបណ្តាញ channels ដែលមានការអំពាវនាវឱ្យធ្វើសកម្មភាពជ្រុលនិយម»។ TASS បានបន្ថែមទៀតថា Channels មួយចំនួនដែលបានកត់ឈ្មោះក្នុងឯកសារតុលាការបានធ្វើសកម្មភាពមួយចំនួន ដោយបានអំពាវនាវឱ្យមានការចូលរួមក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលរុស្ស៊ី ព្រមទាំងញុះញង់ឱ្យមានការវាយប្រហារភេរវកម្មលើការដឹកជញ្ជូនផ្លូវដែកក្នុងគោលបំណងជួយដល់កងកម្លាំងអ៊ុយក្រែនផងដែរ។
គួរជម្រាបថា កម្មវិធីផ្ញើសារ Telegram មានមូលដ្ឋាននៅទីក្រុងឌូបៃ និងបង្កើតឡើងដោយជនជាតិរុស្សីលោក Pavel Durov វេទិកានេះមានអ្នកប្រើប្រាស់ជិត ១ ពាន់លាននាក់ ហើយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសរុស្ស៊ី អ៊ុយក្រែន និងអតីតសាធារណរដ្ឋសូវៀតផ្សេងទៀត។ Telegram បច្ចុប្បន្ននេះបាននឹងកំពុងប្រឈមមុខនឹងការត្រួតពិនិត្យកាន់តែខ្លាំងឡើងពីអាជ្ញាធររុស្ស៊ី ជុំវិញសកម្មភាពប្រឆាំងរដ្ឋាភិបាល។ របាយការណ៍ក៏បានគូសបញ្ជាក់ផងដែរ CEO លោក Durov បានត្រឡប់ទៅទីក្រុងឌូបៃក្នុងខែមីនា វិញហើយ បន្ទាប់ពីចំណាយពេលជាច្រើនខែនៅក្នុងប្រទេសបារាំង ក្រោយមានការចាប់ខ្លួន និងស៊ើបអង្កេតក្នុងខែសីហា ឆ្នាំ ២០២៤ របស់គាត់ទាក់ទងនឹងការប្រើប្រាស់ Telegram សម្រាប់ឧក្រិដ្ឋកម្ម រួមទាំងការក្លែងបន្លំ ការលាងលុយ និងការចែករំលែករូបភាពនៃការរំលោភផ្លូវភេទលើកុមារ៕