(ហ្សាកាតា)៖ ប្រធានាធិបតី លោក Prabowo Subianto បាននិយាយនាថ្ងៃពុធ ទី៩ ខែមេសានេះថា ឥណ្ឌូណេស៉ីត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជម្រកបណ្តោះអាសន្នដល់ប្រជាជនប៉ាឡេស្ទីន ដែលរងគ្រោះពីសង្គ្រាមនៅតំបន់ហ្កាហ្សា ដោយក្រុមដំបូងអាចមានចំនួនប្រហែល ១ ០០០នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Prabowo បានឱ្យដឹងថា លោកបានណែនាំដល់រដ្ឋមន្ត្រីការបរទេស ឱ្យឆាប់ពិភាក្សាជាមួយភាគីប៉ាឡេស្ទីន និងភាគីផ្សេងទៀត អំពីរបៀបជម្លៀសប្រជាជនប៉ាឡេស្ទីនមកកាន់ឥណ្ឌូណេស៉ី។ លោកបានបន្ថែមថា ជនរងគ្រោះប៉ាឡេស្ទីន នឹងស្ថិតនៅក្នុងប្រទេសឥណ្ឌូណេស៉ីជាបណ្ដោះអាសន្ន រហូតដល់ជាសះស្បើយពីរបួស ហើយស្ថានភាពនៅតំបន់ហ្កាហ្សាមានសុវត្ថិភាព អាចឱ្យពួកគេត្រឡប់ទៅវិញបាន។

គួរបញ្ជាក់ថា ឥណ្ឌូណេស៉ី ដែលជាប្រទេសមានអ្នកកាន់សាសនាឥស្លាមភាគច្រើន បានធ្វើការតស៊ូមតិសម្រាប់ដំណោះស្រាយរដ្ឋពីរ ជុំវិញជម្លោះអ៉ីស្រាអែល និងប៉ាឡេស្ទីន ហើយបញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា។ ការប្រកាសរបស់លោកប្រធានាធិបតី Prabowo នាពេលនេះធ្វើឡើង នៅខណៈដែលលោកចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់មជ្ឈិមបូព៌ា៕