(យូអិន)៖ កាលពីថ្ងៃអង្គារ ទី៨ ខែមេសា អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បាននិយាយថា គ្មាននរណាឈ្នះឡើយ ក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយបណ្តាប្រទេសក្រីក្រ នឹងត្រូវទទួលរងផលវិបាកជាពិសេស ស្របពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រក្សាជំហរយ៉ាងម៉ឺងម៉ាត់ជុំវិញគោលនយោបាយពន្ធរបស់ខ្លួន។ នេះបើតាមការផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។

លោក Guterres បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «សង្រ្គាមពាណិជ្ជកម្ម បង្កភាពអវិជ្ជមានយ៉ាងខ្លាំង។ គ្មាននរណា អាចឈ្នះឡើយនៅក្នុងសង្រ្គាមពាណិជ្ជកម្ម ដោយជាទូទៅភាគីទាំងអស់ នឹងសុទ្ធតែចាញ់រៀងៗខ្លួន ហើយខ្ញុំព្រួយបារម្ភជាពិសេស អំពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ងាយរងគ្រោះជាងគេ ដែលនឹងត្រូវទទួលរងផលប៉ះពាល់ កាន់តែធ្ងន់ធ្ងរខ្លាំង»

គួរបញ្ជាក់ថា នៅថ្ងៃពុធនេះ ចំណាត់ការដំឡើងពន្ធថ្មី ដែលភាគច្រើនចន្លោះចាប់ពី១១ភាគរយ ដល់៥០ភាគរយ របស់លោក ត្រាំ ប្រឆាំងនឹងដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក សរុបជិត ៦០ប្រទេស បានចូលជាធរមាន ប៉ុន្តែទន្ទឹមគ្នានេះ ដោយសារតែ​ការដំឡើងពន្ធសងសឹកតបតទៅវិញ ចិនត្រូវរងការយកពន្ធក្នុងអត្រា សរុបយ៉ាងហោចរហូតដល់១០៤ភាគរយ ពីអាមេរិកទៅលើ​ទំនិញរបស់ខ្លួន៕