(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអង្គារ ទី៨ ខែមេសា ប្រព័ន្ធផ្សព្វផ្សាយអាមេរិក NBC News បានរាយការណ៍ថា សហរដ្ឋអាមេរិក អាចនឹងដកកងទ័ពប្រមាណ១០ ០០០នាក់ ចេញពីតំបន់ភាគខាងកើតនៃទ្វីបអឺរ៉ុប ខណៈអ្នកវិភាគមួយចំនួនយល់ឃើញថា ប្រសិនបើជាការពិត វាមុខជានឹងធ្វើឱ្យរុស្ស៉ីបានចិត្តមិនខាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

កងទ័ពបន្ថែមប្រហែល២០ ០០០នាក់ ត្រូវបានដាក់ពង្រាយទៅកាន់ទីនោះ កាលពីឆ្នាំ២០២២ កាលពីជំនាន់អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដើម្បីពង្រឹងផ្នែកខាងកើត របស់អង្គការ NATO បន្ទាប់ពីរុស្ស៉ីបានធ្វើសង្រ្គាមឈ្លានពានលើអ៊ុយក្រែន។ យោងតាម​សម្តីមន្រ្តីអាមេរិកនិងអឺរ៉ុប ចំនួន៦រូប NBC បានអះអាងថា កិច្ចពិភាក្សាត្រូវបានធ្វើឡើង អំពីការកាត់បន្ថយពាក់កណ្តាល នៃការដាក់ពង្រាយនោះ តាមរយៈការបន្ថយចំនួនទ័ព នៅប្រទេសរូម៉ានីនិងប៉ូឡូញ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងតែព្យាយាមជំរុញឱ្យសង្រ្គាមអូសបន្លាយជាង៣ឆ្នាំ នៅអ៊ុយក្រែន អាចបិទបញ្ចប់ដោយឆាប់រហ័ស ចាប់តាំងពីលោកបានឡើងកាន់អំណាច ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានលទ្ធផលជាដុំកំភួន នៅឡើយទេ។ ទន្ទឹមគ្នាដែរ លោក ត្រាំ បានរិះគន់ម្តងហើយម្តងទៀតលើ NATO ហើយទទូចឱ្យអឺរ៉ុបទទួលខុសត្រូវធំជាងមុន សម្រាប់វិស័យការពារជាតិរបស់ខ្លួន តាមរយៈការបង្កើនការចំណាយលើយោធា និងដឹកនាំការជួយបំពាក់អាវុធឱ្យអ៊ុយក្រែន។

គួរបញ្ជាក់ថា បើតាមអ្នកវិភាគមួយចំនួន ក្នុងនោះរួមមានលោក Seth Jones នៃមជ្ឈមណ្ឌលសិក្សាអន្តរជាតិនិងយុទ្ធសាស្រ្ត ការកាត់បន្ថយណាមួយនៃកងទ័ពអាមេរិក នាពេលនេះ មុខជានឹងពង្រឹងឆន្ទៈរបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ក្នុងការលូកលាន់ជ្រៀតជ្រែកក្នុងទម្រង់ផ្សេងៗ នៅទូទាំងអឺរ៉ុបមិនខានឡើយ។ បច្ចុប្បន្ន កងទ័ពអាមេរិកសរុប១០០ ០០០នាក់ កំពុងឈរនៅទ្វីបអឺរ៉ុបទាំងមូល ដោយក្នុងនោះ ៦៥ ០០០នាក់ ត្រូវបានដាក់ពង្រាយក្នុងក្របខណ្ឌអចិន្រ្តៃយ៍ ខណៈ៣៥ ០០០នាក់ទៀត គឺជាកងកម្លាំងឆ្លាស់វេន និងកងកម្លាំងជំនួយបន្ថែម៕