(ប៉េកាំង)៖ “ពីថ្នាំដុសធ្មេញដល់សាប៊ូដុំ ទំនិញណាដែលអាចរកបានកន្លែងស្តុកទុកក៏ត្រូវទិញឱ្យបានឆាប់ៗ។” មុននេះមិនជាយូរប៉ុន្មាន លោក Mark Cuban វិនិយោគិនដ៏ល្បីឈ្មោះ របស់សហរដ្ឋអាមេរិក បានស្នើឱ្យប្រជាជនអាមេរិក ឆាប់ទិញទំនិញស្ដុកទុកលើបណ្តាញទំនាក់ទំនងសង្គម ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ធ្នើរដាក់អីវ៉ាន់តាមផ្សារទំនើប និងហាងលក់ទំនិញជាច្រើន របស់សហរដ្ឋអាមេរិកត្រូវបានគេទិញអស់ហើយ ។ ពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលអាមេរិកប៉ុនប៉ង ឆ្លងតាមរយៈគោលនយោបាយ “ដំឡើងពន្ធគយស្មើគ្នា” ដើម្បីការពារឧស្សាហកម្ម និងឱកាសការងាររបស់អាមេរិកម្តងទៀត ប៉ុន្តែបើមើលពីប្រតិកម្មរបស់អ្នកប្រើប្រាស់ និងទីផ្សារភាគហ៊ុនរបស់អាមេរិកឱ្យដឹងថា គោលនយោបាយ “ដំឡើងពន្ធគយស្មើគ្នា” របស់អាមេរិកបានបង្កើនបន្ទុក ដល់គ្រួសារអាមេរិក។

តាមការវិភាគនៃបន្ទប់ពិសោធន៍ថវិកា នៃសកលវិទ្យាល័យ Yale របស់អាមេរិកបានឱ្យដឹងថា គោលនយោបាយស្តីពីពន្ធគយ ដែលរដ្ឋាភិបាលអាមេរិកបានប្រកាសនោះ ប្រហែលនឹងបណ្តាលឱ្យអត្រាអតិផរណាទាំងមូល របស់សហរដ្ឋអាមេរិកនៅឆ្នាំនេះ កើនឡើង២,៣ភាគរយ បូករួមទាំងតម្លៃគ្រឿងឧបភោគបរិភោគ កើនឡើង២,៨ភាគរយ តម្លៃរថយន្តកើនឡើង៨,៤ភាគរយ ដែលស្មើនឹងបណ្តាលឱ្យគ្រួសារធម្មតាអាមេរិកនីមួយៗ ខាតបង់៣ពាន់៨រយដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។

គោលនយោបាយ “ដំឡើងពន្ធគយស្មើគ្នា” របស់សហរដ្ឋអាមេរិកក៏បាននាំឱ្យទីផ្សារភាគហ៊ុនអាមេរិក កើតមានភាពរង្គោះរង្គើយ៉ាងខ្លាំង។ តាមការផ្សាយដំណឹង នៃប្រព័ន្ធសារព័ត៌មានបរទេសឱ្យដឹងថា សន្ទស្សន៍មូលប័ត្រធំ ទាំងបីនៃទីផ្សារមូលប័ត្រក្រុងញូវយ៉កអាមេរិក បានធ្លាក់ចុះយ៉ាងខ្លាំងម្តងទៀត បន្ទាប់ពីបើកទីផ្សារកាលពីថ្ងៃទី ៧ខែមេសា ។ សន្ទស្សន៍ឧស្សាហកម្ម Dow Jones សន្ទស្សន៍ S&P 500 និងសន្ទស្សន៍ចម្រុះNASDAQ បានធា្លក់ចុះ២,៦៣ភាគរយ ៣,១៤ភាគរយនិង៣,៨៥ភាគរយដោយឡែកពីគ្នាបន្ទាប់ពីបើកទីផ្សារ ដែលធ្លាក់ចុះ១០១៣ចំណុច ១៦០,២៥ចំណុចនិង ៦៧៥,៧៥ចំណុចបើប្រៀបធៀបនឹងថ្ងៃលក់ដូរមុន។

លោក Peter Boockvar មន្ត្រីវិនិយោគទីមួយនៃក្រុមហ៊ុនហិរញ្ញវត្ថុ Bleakley បានយល់ឃើញថា ទីផ្សារមូលប័ត្រ មានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយនឹងសេដ្ឋកិច្ច ប្រសិនបើទីផ្សារមូលប័ត្រ បន្តធ្លាក់ចុះហើយនាំមក នូវផលប៉ះពាល់អវិជ្ជមាន ដល់ក្រុមមនុស្សចំណូលខ្ពស់ តែការចំណាយនៃរដ្ឋាភិបាលកំពុងបង្អង់ល្បឿន នោះ ហានិភ័យដែលសេដ្ឋកិច្ចមាន ភាពថមថយចុះនឹងកើនឡើងយ៉ាងខ្លាំង។

ចំពោះការដែលសហរដ្ឋអាមេរិកលើកឡើងគោលនយោបាយ “ដំឡើងពន្ធគយស្មើគ្នា” នាពេលថ្មីៗកន្លងទៅនេះ លោក Olaf Scholz នាយករដ្ឋមន្ត្រីអាល្លឺម៉ង់បានរិះគន់ដោយចំហថា សហរដ្ឋអាមេរិកដំឡើងពន្ធគយ វានឹងបំផ្លាញរបៀបរៀបរយ ពាណិជ្ជកម្មសេរីនៅទូទាំងពិភពលោក ភាគីអាមេរិកដំឡើងពន្ធគយជាបន្តបន្ទាប់នឹង បង្កើនភាពមិនប្រាកដប្រជាដល់ ទូទាំងពិភពលោក នេះជា “និន្នាការមិនល្អសោះឡើយ” ចំពោះសហគ្រាសភាគច្រើន។

លោក Martin Wolf អ្នកធ្វើអត្ថាធិប្បាយខាងសេដ្ឋកិច្ចទីមួយនៃកាសែត《Financial Times》បានយល់ឃើញថា គោលនយោបាយជ្រុលនិយមនៃរដ្ឋាភិបាលអាមេរិក ដែលសំដៅចំពោះ ប្រព័ន្ធពាណិជ្ជកម្មសកល និងសម្ព័ន្ធភាពយុទ្ធសាស្ត្រ កំពុងបំផ្លាញប្រព័ន្ធពាណិជ្ជកម្មបែបបើកទូលាយ ដែលផ្តួចផ្តើមឱ្យបង្កើតដោយសហរដ្ឋអាមេរិក ដែលនឹងនាំឱ្យសេដ្ឋកិច្ចអាមេរិក បង់ថ្លៃដ៏ឈឺចាប់និងយូរអង្វែង។

លោកស្រី Claudia Sheinbaum Pardo ប្រធានាធិបតីម៉ិកស៊ិក បានថ្លែងកាលពីថ្ងៃទី៧ខែមេសាថា មិនច្រានចោលលទ្ធភាព ដែលដំឡើងពន្ធគយស្មើគ្នា២៥ភាគរយ ដែលមានលក្ខណៈសងសឹក ចំពោះផលិតផលដែកថែប និងអាលុយមីញ៉ូមរបស់អាមេរិកនោះទេ។

នៅថ្ងៃដដែល លោក Luis Alberto Arce Catacora ប្រធានាធិបតីបូលីវីបានថ្លែងថា លោកត្រាំ ប្រធានាធិបតីអាមេរិកជំរុញការអនុវត្តគោលនយោបាយ ដំឡើងពន្ធគយទៅលើទំនិញរបស់ប្រទេសជាច្រើន ប្រហែលនឹងបង្កលទ្ធផល “មានលក្ខណៈវិនាស”ចំពោះប្រព័ន្ធសេដ្ឋកិច្ចសកល រហូតដល់បណ្តាលឱ្យ សេដ្ឋកិច្ចទូទាំងពិភពលោកថមថយចុះ។

កាលពីថ្ងៃទី៧ខែមេសា លោក Keir Starmer នាយករដ្ឋមន្ត្រីអង់គ្លេសបានប្រកាសគោលនយោបាយថ្មីមួយចំនួន សម្រាប់គាំទ្រឧស្សាហកម្មផលិតរថយន្តក្នុងស្រុក ក្នុងនោះបូករួមទាំងពន្យារពេលហាមឃាត់លក់រថយន្ត HEVពីឆ្នាំ២០៣០ដល់ឆ្នាំ២០៣៥ ហើយបានផ្តល់ភាពរស់រវើកកាន់តែច្រើន ដល់គោលដៅបញ្ចេញឧស្ម័នបំពុល នៃសហគ្រាសផលិតរថយន្តអគ្គិសនីរបស់អង់គ្លេស ព្រមទាំងកាត់បន្ថយប្រាក់ពិន័យដែលល្មើសច្បាប់ចំនួន២០ភាគរយ។ល។

សហរដ្ឋអាមេរិកអនុវត្តគោលនយោបាយដំឡើងពន្ធគយស្មើគ្នា និងគោលនយោបាយពាណិជ្ជកម្មជ្រុលនិយម ប្រហែលនឹងនាំឱ្យក្រុមពិសេសមួយចំនួន ទទួលផលប្រយោជន៍ក្នុងរយៈពេលដ៏ខ្លី តែបើមើលឱ្យវែងឆ្ងាយ នេះគ្រាន់តែនឹងនាំមកនូវលទ្ធផល ដែលបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ហើយនឹងនាំឱ្យ សហរដ្ឋអាមេរិកកាន់តែឯកោ ក្នុងសហគមន៍អន្តរជាតិ។ តម្លៃទំនិញឡើងថ្លៃ ថ្លៃដើមនៃសហគ្រាសកើនឡើង ទីផ្សារឱកាសការងាររងផលប៉ះពាល់ ទីផ្សារហិរញ្ញវត្ថុមានភាពរង្គោះរង្គើ ព្រមទាំងសហគមន៍អន្តរជាតិប្រឆាំងយ៉ាងខ្លាំង ប្រការទាំងនេះសុទ្ធតែបង្ហាញថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកកំពុងជួបនឹង បញ្ហាប្រឈមដែលមិនធ្លាប់មានកាលពីមុន។

ក្នុងបរិបទយុគសម័យនៃការធ្វើសកលភាវូបនីយកម្ម សេដ្ឋកិច្ចប្រទេសនានាបានពឹងផ្អែកលើគ្នាទៅវិញទៅមក សហរដ្ឋអាមេរិកពិបាករក្សាគោលនយោបាយការពារនិយម ខាងពាណិជ្ជកម្មបែបនេះណាស់ ទីបំផុត ចាំបាច់ត្រូវវិលត្រឡប់ទៅរកផ្លូវដ៏ត្រឹមត្រូវ ដែលធ្វើកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ ពោលគឺ ពិគ្រោះពិភាក្សាដោយស្មើភាព ជាមួយដៃគូពាណិជ្ជកម្ម ដើម្បីដោះស្រាយការខ្វែងគំនិតឱ្យបានសមរម្យ៕

វិទ្យុមិត្តភាពកម្ពុជាចិន