(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃពុធថា អ៊ុយក្រែនបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ីចំនួន ៦ លើកក្នុងរយៈពេលមួយថ្ងៃចុងក្រោយ ដោយចោទថាបានរំលោភលើការផ្អាកដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកលើការវាយលុកគោលដៅហេដ្ឋារចនាសម្ព័ន្ធថាមពល។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៩ ខែមេសា ឆ្នាំ ២០២៥។

អ៊ុយក្រែន និងរុស្ស៊ីបានព្រមព្រៀងគ្នាផ្អាកការវាយប្រហារលើរោងចក្រថាមពលរបស់គ្នាទៅវិញទៅមកកាលពីខែមុន ប៉ុន្តែភាគីទាំងពីរតែងតែចោទប្រកាន់គ្នាទៅវិញទៅមកថាបានបំពានកិច្ចព្រមព្រៀងនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram ក្រសួងបាននិយាយថា ទីក្រុងកៀវបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពល នៅក្នុងតំបន់ Rostov និង Kursk របស់រុស្ស៊ី ក៏ដូចជានៅក្នុងតំបន់ Zaporizhzhia របស់អ៊ុយក្រែនដែលរុស្ស៊ីគ្រប់គ្រងផងដែរ។

ក្រសួងបានបន្ថែមថា ក្រៅពីនោះ អ៊ុយក្រែនក៏បានព្យាយាមធ្វើការវាយប្រហារចំនួនពីរលើកផ្សេងទៀតនៅក្នុងតំបន់ Krasnodar របស់រុស្ស៊ីផងដែរ ប៉ុន្តែការវាយប្រហារទាំងនោះ មិនបានសម្រេចគោលដៅទេ។ ក្នុងចំណោមការវាយប្រហារដែលបរាជ័យទាំងពីរនោះ មានការវាយប្រហារមួយទៅលើស្ថានីយ៍បង្ហាប់ ដែលជាកន្លែងមួយមានសារៈសំខាន់សម្រាប់ដំណើរការនៃបំពង់ TurkStream ដែលជាបំពង់បង្ហូរឧស្ម័នដែលដឹកឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ី ទៅកាន់ប្រទេសតួកគីដោយឆ្លងកាត់សមុទ្រខ្មៅ៕