(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី៩ ខែមេសា សហរដ្ឋអាមេរិក បានប្រកាសអំពីការផ្តល់ភ្លើងបៃតង ចំពោះគម្រោងមានទំហំទឹកប្រាក់ ១.០៤ពាន់លានដុល្លារ ស្តីពីការលក់មីស៉ីលសរុបដល់៤០០គ្រាប់ ឱ្យទៅប្រទេសអូស្រ្តាលី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការការពារជាតិ នៃក្រសួងការពារជាតិអាមេរិក បាននិយាយថា ក្រសួងការបរទេសអាមេរិក បានផ្តល់ការអនុម័តចំពោះគម្រោងខាងលើ ដែលមានគោលដៅលក់មីស៉ីល AIM-120C ដល់២០០គ្រាប់ និង AIM-120D ដល់២០០គ្រាប់ដូចគ្នា ខណៈពួកវាគឺជាប្រភេទមីស៉ីល air-to-air សម្រាប់បំពាក់លើយន្តហោះចម្បាំង ព្រមទាំងសម្ភារពាក់ព័ន្ធផ្សេងទៀត ឱ្យទៅអូស្រ្តាលី។
គួរបញ្ជាក់ថា អូស្រ្តាលីបានផ្សារភ្ជាប់ចំណងស៉ីជម្រៅ ជាមួយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ក្នុងកិច្ចព្រមព្រៀងការពារជាតិត្រីភាគី ហៅថា AUKUS ដែលលក្ខខណ្ឌចម្បងមួយ នៅក្នុងនោះ គឺការទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ផលិតដោយអាមេរិក។ ទីក្រុងកង់បេរ៉ា កំពុងព្យាយាមស្វែងរកការធានាថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែបន្តគោរពតាមសម្ព័ន្ធភាពនេះ ដែលបង្កើតឡើងកាលពីជំនាន់អតីតប្រធានាធិបតី លោក ចូ បៃដិន៕