(សេអ៊ូល)៖ លោក Han Dong Hoon ដែលជាអតីតប្រធានគណបក្សកាន់អំណាច People Power Party នៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា បានប្រកាសឈរឈ្មោះជា បេក្ខជនសម្រាប់ការបោះឆ្នោតប្រធានាធិបតី។ នេះបើតាមការផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។
កាលពីខែធ្នូ ឆ្នាំ២០២៤ លោក Han បានដឹកនាំសមាជិកសភាបក្សមួយក្រុមរបស់បក្សកាន់អំណាច ចូលរួមជាមួយសមាជិកសភាបក្សប្រឆាំង Democratic Party បោះឆ្នោតច្រានចោល ការដាក់ចេញច្បាប់អាជ្ញាសឹក របស់អតីតប្រធានាធិបតី លោក Yoon Suk Yeol។ ក្រោយមក លោក Han ក៏បានចុះចេញពីតំណែងជាប្រធានគណបក្សកាន់អំណាចតែម្តង បន្ទាប់ពីសភាបានបោះឆ្នោតចោទប្រកាន់ដកតំណែង លោក Yoon។
គួរបញ្ជាក់ថា កូរ៉េខាងត្បូង នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃទី៣ ខែមិថុនា បន្ទាប់ពីតុលាការធម្មនុញ្ញ បានសម្រេចដកតំណែង លោក Yoon ជាផ្លូវការ កាលពីថ្ងៃសុក្រសប្តាហ៍មុន។ ដោយឡែក តាមការស្ទង់មតិរបស់ស្ថាប័ន Gallup ចេញផ្សាយកាលពីថ្ងៃទី៤ ខែមេសា មេដឹកនាំគណបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ដែលទើបប្រកាសជាផ្លូវការ ពីការឈរឈ្មោះជាបេក្ខជនប្រធានាធិបតី ក្នុងថ្ងៃព្រហស្បតិ៍នេះដែរនោះ គឺជាបេក្ខជនកំពុងមានសក្តានុពលជាងគេ ដែលនឹងក្លាយជាប្រធានាធិបតីថ្មី៕