(ស៉ីដនី)៖ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា អូស្រ្តាលីបានបដិសេធសំណើរបស់ទីក្រុងប៉េកាំង ដែលចង់ឱ្យភាគីទាំងពីរធ្វើការរួមគ្នា ដើម្បីទប់ទល់វិធានការពន្ធគយរបស់សហរដ្ឋអាមេរិក ដោយផ្ទុយមកវិញ ទីក្រុងកង់បេរ៉ាបាននិយាយថា អូស្រ្តាលីនឹងបន្តធ្វើពិពិធកម្មពាណិជ្ជកម្មរបស់ខ្លួន ហើយបន្ថយការពឹងផ្អែកលើប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ឧបនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Richard Marles បានប្រាប់សារព័ត៌មាន Sky News យ៉ាងដូច្នេះថា «យើងនឹងមិនកាន់ដៃជាមួយចិនឡើយ ពាក់ព័ន្ធការប្រកួតប្រជែងនានា ដែលកំពុងតែកើតឡើងនៅលើពិភពលោក» ដោយរូបលោកចង់សំដៅទៅលើ​ សំណើរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំអូស្រ្តាលី ដែលចង់ឱ្យប្រទេសទាំងពីរ «រួមដៃគ្នា» លើបញ្ហាពាណិជ្ជកម្ម។

លោក Marles បានបន្តថា «យើងនឹងមិនធ្វើដូច្នោះទេ។ អ្វីដែលយើងនឹងធ្វើ គឺស្វែងរកផលប្រយោជន៍ជាតិសម្រាប់អូស្រ្តាលី ហើយធ្វើពិពិធកម្មទំនាក់ទំនងពាណិជ្ជកម្មរបស់យើង នៅទូទាំងពិភពលោក»។ បើតាមលោក Marles អូស្រ្តាលីនឹងកសាង​ភាពធន់នៃសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈការរឹងបន្តឹងចំណងទាក់ទងជាមួយ សហភាពអឺរ៉ុប ឥណ្ឌូណេស៉ី ឥណ្ឌា ចក្រភពអង់ក្លេស និងមជ្ឈិមបូព៌ា។

ក្នុងបទវិចារណកថាមួយ ដែលចេញផ្សាយដោយសារព័ត៌មាន The Age ឯកអគ្គរដ្ឋទូតចិនប្រចាំអូស្រ្តាលី លោក Xiao Qian បានទទូចឱ្យទីក្រុងកង់បេរ៉ា សហការជាមួយទីក្រុងប៉េកាំង ដើម្បីការពារប្រព័ន្ធពាណិជ្ជកម្មសកលពហុភាគី។ លោក Xiao បានលើកឡើងដូច្នេះថា «នៅក្រោមកាលៈទេសៈថ្មីបែបនេះ ចិនត្រៀមលក្ខណៈជាស្រេច ក្នុងការរួមដៃជាមួយអូស្រ្តាលី ព្រមទាំង​សហគមន៍អន្តរជាតិ ដើម្បីរួមគ្នាឆ្លើយតបចំពោះស្ថានការណ៍ប្រែប្រួលនៃពិភពលោក»

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ ក្នុងការប្រែក្រឡាស់ដ៏ភ្ញាក់ផ្អើល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា រូបលោកនឹងផ្អាកការយកពន្ធគយខ្ពស់រយៈពេល៩០ថ្ងៃ សម្រាប់ប្រទេសជាច្រើន ប៉ុន្តែបន្តដាក់គោលដៅលើចិនដដែល ដោយដំឡើងពន្ធបន្ថែមទៀតពី១០៤ភាគរយ ដល់១២៥ភាគរយ ព្រោះចិនបានដំឡើងពន្ធសងសឹកលើទំនិញអាមេរិក ខណៈប្រការនេះធ្វើឱ្យឡើងកម្តៅកាន់តែខ្លាំង ក្នុងជម្លោះពាណិជ្ជកម្ម រវាងមហាយក្សសេដ្ឋកិច្ចទាំង២ របស់ពិភពលោក។ អូស្រ្តាលី បានរងការយកពន្ធ១០ភាគរយពីអាមេរិក ហើយនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese ធ្លាប់បាននិយាយថា រដ្ឋាភិបាលរបស់លោក នឹងមិនសងសឹកវិញឡើយ៕