(គូឡាឡាំពួ)៖ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ក្រុមរដ្ឋមន្រ្តីសេដ្ឋកិច្ចនៃប្រទេសអាស៊ាន បានចេញសេចក្តីថ្លែងការណ៍រួមមួយថា ក្រុមប្រទេសនៃប្លុកនេះ ចង់ស្វែងរកកិច្ចសន្ទនា ជាមួយសហរដ្ឋអាមេរិក ជុំវិញបញ្ហាពន្ធគយ ហើយនឹងមិនដាក់ចេញ ចំណាត់ការសងសឹកណាមួយឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
មុនពេលមានការផ្អាករយៈពេល៩០ថ្ងៃ ដែលត្រូវបានប្រកាសកាលពីថ្ងៃពុធ ដោយប្រធានាធិបតី លោក ដូណាល់ ត្រាំ ស្តីពីការអនុវត្តពន្ធគយថ្មីរបស់អាមេរិក ប្រទេសអាស៊ានចំនួន៦ ក្នុងចំណោម៩ ដែលត្រូវបានកំណត់គោលដៅដោយរដ្ឋបាលលោក ត្រាំ ប្រឈមមុខនឹងការយកពន្ធក្នុងអត្រាខ្ពស់ខ្លាំងជាងគេរំពឹងទុក គឺចន្លោះពី៣២ភាគរយ ទៅ៤៩ភាគរយ។ បើប្រៀបធៀបគ្នា សហភាពអឺរ៉ុបរងការយកពន្ធត្រឹម២០ភាគរយ ជប៉ុនត្រឹម២៤ភាគរយ ហើយឥណ្ឌាត្រឹម២៧ភាគរយ។ យ៉ាងណាមិញ ក្រោយការប្រកាសផ្អាករបស់លោក ត្រាំ សម្រាប់រយៈពេល៩០ថ្ងៃខាងមុខនេះ ប្រទេសទាំងអស់ជុំវិញពិភពលោក គឺត្រូវអាមេរិកយកពន្ធក្នុងអត្រាគោល ត្រឹម១០ភាគរយ។
ក្នុងសេចក្តីថ្លែងការណ៍រួម ដែលបានបង្ហាញក្តីកង្វល់អំពីវិធានការពន្ធរបស់អាមេរិក និងផលប៉ះពាល់របស់វា ក្រុមរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន បាននិយាយយ៉ាងដូច្នេះថា «ពួកយើងចង់បង្ហាញនូវបំណងរួមរបស់យើង ក្នុងការចូលរួមក្នុងកិច្ចសន្ទនាស្មោះត្រង់ និងប្រកបដោយការស្ថាបនាជាមួយអាមេរិក ដើម្បីដោះស្រាយក្តីកង្វល់ពាក់ព័ន្ធបញ្ហាពាណិជ្ជកម្ម។ ការទាក់ទងគ្នាដោយបើកចំហ និងកិច្ចសហប្រតិបត្តិការ នឹងមានសារសំខាន់ជាខ្លាំង ដើម្បីធានានូវទំនាក់ទំនងដែលមានតុល្យភាព និងមាននិរន្តរភាព»។
គួរបញ្ជាក់ថា ក្រោយការបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ នាថ្ងៃព្រហស្បតិ៍នេះ ក្រុមរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន បានបញ្ជាក់ជាថ្មី នូវការគាំទ្រចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានភាពនឹងនរ យុត្តិធម៌ និងយោងតាមមូលដ្ឋានច្បាប់។ អាស៊ានដែលមានសមាជិក១០ប្រទេស រួមបញ្ចូលគ្នាមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី៥ នៅលើពិភពលោក។ សមាជិកនៃប្លុកនេះ ពឹងផ្អែកខ្លាំងលើការនាំចេញ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន៕