(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសាថា ប្រទេសចិន និងសហភាពអឺរ៉ុប (EU) បានផ្លាស់ប្តូរទស្សនគ្នា ជុំវិញការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ដើម្បីឆ្លើយតបទៅនឹងពន្ធគយ របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កិច្ចសន្ទនានេះ បានកើតឡើងមិនយូរប៉ុន្មាន មុនពេលពន្ធបន្ថែមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើប្រទេសចិន បានចូលជាធរមាន។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao បានប្រាប់លោក Maros Sefcovic ដែលជាឧត្តមស្នងការសន្តិសុខពាណិជ្ជកម្ម និងសេដ្ឋកិច្ច EU ថាចិនត្រៀមរួចជាស្រេច ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការ ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្មជាមួយ EU កាន់តែស៉ីជម្រៅ។

លោក Wang បានជំរុញឱ្យចិន និង EU រួមគ្នាការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ផ្អែកលើមូលដ្ឋានច្បាប់ ហើយប្រកាន់ខ្ជាប់នូវសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការសម្របសម្រួល។ ភាគីទាំងពីរក៏បានពិភាក្សាគ្នា អំពីការបង្កើតបរិយាកាសធុរកិច្ចកាន់តែអំណោយផល សម្រាប់សហគ្រាសនានា និងបញ្ហាទូទាត់ខាងពាណិជ្ជកម្មផងដែរ។

គួរបញ្ជាក់ថា កាលពីចុងខែតុលា ឆ្នាំមុន EU បានដាក់ពន្ធគយចំនួន ៣៥.៣ភាគរយ លើរថយន្តអគ្គិសនីចិន។ ក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងកាលពីសប្តាហ៍មុនថា ភាគីទាំងពីរយល់ព្រមចាប់ផ្តើមការចរចាឡើងវិញលើបញ្ហានេះ ប៉ុន្តែមិនបានបញ្ជាក់ពីពេលណាច្បាស់លាស់នោះទេ៕