(តៃប៉ិ)៖ រដ្ឋមន្រ្តីសេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ស្ថាប័នដែលគាំទ្រដោយរដ្ឋរបស់កោះតៃវ៉ាន់ អាចបន្ថែមការទិញទំនិញ ក្នុងតម្លៃ ២០០ពាន់លានដុល្លារពីសហរដ្ឋអាមេរិក និងបង្កើនការនាំចូលឧស្ម័នធម្មជាតិរាវ LNG ក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ ២០២៥។
តៃវ៉ាន់ ត្រូវបានកំណត់ថានឹងរងពន្ធគយ ៣២ភាគរយរបស់សហរដ្ឋអាមេរិក ជាហេតុនាំឱ្យទីផ្សារភាគហ៊ុនធ្លាក់ចុះ រួមទាំងវិស័យគន្លឹះគឺឧស្សាហកម្ម semiconductor ផងដែរ។
ឆ្លើយតបនឹងសំណួរពីសមាជិសភាតៃវ៉ាន់ អំពីរបៀបឆ្លើយតបចំពោះពន្ធគយថ្មីនេះ លោក Kuo Jyh-huei និយាយថា ផែនការដែលត្រូវបានពិភាក្សាគឺថវិកាប្រហែល ២០០ពាន់លានដុល្លារ នឹងយកទៅទិញទំនិញបន្ថែមពីសហរដ្ឋអាមេរិក សម្រាប់រយៈពេលមួយទសវត្សរ៍ទៅមុខ ដោយរដ្ឋបាលតៃវ៉ាន់ និងក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ។ តួលេខនេះ គឺមិនរួមបញ្ចូលក្រុមហ៊ុនឯកជននោះទេ។
នៅពេលត្រូវបានសួរអំពីលទ្ធភាពបង្កើនការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) មកតៃវ៉ាន់ក្នុងចន្លោះ ១០ទៅ៣០ភាគរយ នៃចំនួនសរុបនោះ លោក Kuo និយាយថា នោះគឺជាទិសដៅដែលកំពុងសម្លឹងមើល។ ឧស្ម័ន LNG ភាគច្រើនដែលត្រូវបាននាំមកតៃវ៉ាន់បច្ចុប្បន្ន គឺមានប្រភពមកពីប្រទេសអូស្រ្តាលី និងកាតា៕