​(ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ក្រសួងការបរទេសចិន បាននិយាយថា ប្រទេសចិនមិនចង់ឈ្លោះគ្នាឡើយ ប៉ុន្តែក៏មិនខ្លាចនោះដែរ ប្រសិនបើសហរដ្ឋអាមេរិក នៅតែបន្តការគំរាមកំហែងពន្ធរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា «បុព្វហេតុរបស់អាមេរិកមួយនេះ មិនទទួលបានការគាំទ្រពី​ប្រជាជនឡើយ ហើយនឹងបរាជ័យមិនខាននៅទីបញ្ចប់។ ចិននឹងមិនអង្គុយនៅស្ងៀម ហើយបណ្តោយឱ្យសិទ្ធិនិងផលប្រយោជន៍​ស្របច្បាប់របស់ប្រជាជនចិន ត្រូវគេជាន់ឈ្លីនោះទេ»។

គួរបញ្ជាក់ថា ការលើកឡើងដូចខាងលើរបស់ក្រសួងការបរទេសចិន គឺបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដំឡើងពន្ធបន្ថែមលើទំនិញនាំចូលពីចិន រហូតដល់១២៥ភាគរយ ស្របពេលដែលរូបលោកបានសម្រេចចិត្តផ្អាករយៈពេល៩០ថ្ងៃ នូវការអនុវត្តវិធានការយកពន្ធខ្ពស់ៗ លើប្រទេសជាច្រើន ដោយសារតែទីក្រុងប៉េកាំង បានបន្តដំឡើងពន្ធសងសឹកម្តងហើយម្តងទៀត ដល់៨៤ភាគរយ លើទំនិញអាមេរិក៕