(ព្រុចស៊ែល)៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា សហភាពអឺរ៉ុបនឹងផ្អាកវិធានការណ៍ដែលបានគ្រោងទុក ដែលត្រៀមនឹងឆ្លើយតបទៅនឹងពន្ធរបស់សហរដ្ឋអាមេរិក រយៈពេល ៩០ ថ្ងៃ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ ២០២៥។
ការសម្រេចចិត្តនេះធ្វើឡើងដើម្បីផ្តល់ឱកាសសម្រាប់ការចរចា បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសផ្អាកពន្ធរបស់លោកលើបណ្តាប្រទេសភាគច្រើនរយៈពេលដូចគ្នា។
ទោះជាយ៉ាងណាក៏ដោយ លោកស្រីបានសង្កត់ធ្ងន់ថា EU នឹងមិនស្ទាក់ស្ទើរក្នុងការអនុវត្តវិធានការនេះទេ ប្រសិនបើការចរចាដែលកំពុងបន្តមិនទទួលបានលទ្ធផលជាទីគាប់ចិត្ត។ លោកស្រី von der Leyen បានបន្ថែមថា «ដូចដែលខ្ញុំបាននិយាយពីមុន ជម្រើសទាំងអស់នៅតែមាននៅលើតុ»។
គួរបញ្ជាក់ថា មួយថ្ងៃមុនការសម្រេចចិត្តផ្អាកនេះ ប្រទេសជាសមាជិកសហភាពអឺរ៉ុបបានគាំទ្រយ៉ាងខ្លាំងលើកញ្ចប់វិធានការណ៍សងសឹកដំបូងរបស់ប្លុកនេះ ដើម្បីឆ្លើយតបនឹងពន្ធគយលើដែកថែប និងអាលុយមីញ៉ូមដែលដាក់ដោយរដ្ឋបាលលោកត្រាំ៕