(ប៉េកាំង)៖ និយតករភាពយន្តកំពូលរបស់ប្រទេសចិន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ អំពីផែនការកាត់បន្ថយជាមធ្យមនូវចំនួនខ្សែភាពយន្តអាមេរិកដែលបាននាំចូល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

អ្នកនាំពាក្យរដ្ឋបាលភាពយន្តចិនបានថ្លែងថា ការកែសម្រួលនេះគឺធ្វើឡើងស្របតាមគោលការណ៍ទីផ្សារ និងដោយសារតែការដំឡើងពន្ធថ្មីៗរបស់អាមេរិកលើទំនិញចិន ដែលបានជះឥទ្ធិពលអវិជ្ជមានដល់ចំណាប់អារម្មណ៍របស់អ្នកទស្សនាជនជាតិចិន ចំពោះភាពយន្តអាមេរិក។

អ្នកនាំពាក្យបានបន្តថា «យើងនឹងគោរពតាមយន្តការទីផ្សារ គោរពជម្រើសរបស់អ្នកទស្សនា ហើយនឹងកាត់បន្ថយចំនួនភាពយន្តដែលនាំចូលពីសហរដ្ឋអាមេរិកជាមធ្យម»។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យរូបនេះក៏បានសង្កត់ធ្ងន់ផងដែរថា ប្រទេសចិន ដែលជាទីផ្សារភាពយន្តធំទីពីររបស់ពិភពលោក នៅតែប្តេជ្ញាខ្ពស់ក្នុងការបើកទូលាយ ហើយនឹងបន្តនាំចូលខ្សែភាពយន្តល្អៗពីបណ្តាប្រទេសផ្សេងទៀត ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក៕