(សេអ៊ូល)៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នឹងត្រូវវេចបង្វេចចាកចេញពីវិមានប្រធានាធិបតី នៅថ្ងៃសុក្រ ទី១១ ខែមេសា ទៅកាន់លំនៅដ្ឋានឯកជនរបស់លោក បន្ទាប់ពីរូបលោកត្រូវបានតុលាការ ទម្លាក់ចេញពីតំណែងកាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Yoon និងភរិយារបស់លោក គ្រោងនឹងចាកចេញពីវិមានប្រធានាធិបតី ដោយមានក្បួនរថយន្ដអមជូនដំណើរ និងនាំយកសត្វឆ្កែឆ្មាជាង១០ក្បាលទៅជាមួយផងដែរ ដើម្បីទៅរស់នៅជុំគ្នានៅលំនៅដ្ឋានឯកជនមួយរបស់ លោកក្នុងទីក្រុងសេអ៊ូល។ ក្រោយត្រូវបានតុលការធម្មនុញ្ញទម្លាក់ចេញពីតំណែងកាលពីថ្ងៃទី៤ ខែមេសា ជុំវិញការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីដើមខែធ្នូ ឆ្នាំ២០២៤ ឥលូវនេះលោក Yoon កំពុងប្រឈមនឹងសវនាការ ជំនំជម្រុះជុំវិញការចោទប្រកាន់ថារូបលោកបានដឹកនាំសកម្មភាពបះបោរ អំឡុងប្រើច្បាប់អាជ្ញាសឹក។ ប្រសិនបើតុលាការរកឃើញថាលោកពិតជាមានពិរុទ្ធភាពលើបទចោទបះបោរនេះមែន នោះលោកអាចនឹងត្រូវប្រឈមមុខ នឹងការកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត ឬក៏ប្រហារជីវិត។

គួរបញ្ជាក់ថា កូរ៉េខាងត្បូងនឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅថ្ងៃទី៣ ខែមិថុនា ហើយបច្ចុប្បន្ន មេដឹកនាំបក្សប្រឆាំង លោក Lee Jae-myung កំពុងនាំមុខគេនៅក្នុងការស្ទង់មតិថាអាចនឹងជាប់ឆ្នោតជា ប្រធានាធិបតី៕