(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក Shigeru Ishiba បានបង្កើតក្រុមការងារមួយ ដើម្បីត្រួតពិនិត្យលើការចរចាពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក ដឹកនាំដោយមនុស្សជំនិតរបស់លោក និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច គឺលោក Ryosei Akazawa ហើយដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រាយការណ៍ថាអាចនឹងធ្វើទស្សនកិច្ច ទៅកាន់ទីក្រុងវ៉ាស៉ីនតោន នាសប្តាហ៍ក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ ២០២៥។
ដោយមិនផ្តល់កាលបរិច្ឆេទជាក់លាក់ លោក Akazawa បាននិយាយថា លោកសង្ឃឹមថាអាចជួបរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន ដើម្បីកិច្ចពិភាក្សាអំពីពាណិជ្ជកម្មទ្វេភាគី ដោយអាចរួមបញ្ចូលនូវគោលនយោបាយរូបិយប័ណ្ណផងដែរ។ លោក Akazawa បានប្រាប់សន្និសីទសារព័ត៌មានថា «ខ្ញុំយល់ថាលោក Bessent មានចំណាប់អារម្មណ៍ល្អ ចំពោះប្រទេសរបស់យើង។ គាត់ (Bessent) ហាក់ដូចជាចង់លើកយកបញ្ហារបាំងមិនមែនពន្ធគយ និងគោលនយោបាយរូបិយប័ណ្ណ ក្នុងចំណោមប្រធានបទផ្សេងទៀតការពិភាក្សាគ្នា។ ប្រសិនបើដូច្នេះមែន យើងនឹងឆ្លើយតបក្នុងពេលជាក់ស្តែង។ ជប៉ុននឹងមិនដកប្រធានបទណាមួយចេញពីតុពិភាក្សានោះទេ»។
គួរបញ្ជាក់ថា ពន្ធគយទៅវិញទៅមករបស់សហរដ្ឋអាមេរិក ដែលដាក់លើជប៉ុន ត្រូវបានកាត់បន្ថយពីអត្រា ២៤ភាគរយមកត្រឹម ១០ភាគរយ អំឡុងការផ្អាកវិធានការរយៈពេល ៩០ថ្ងៃរបស់លោក ដូណាល់ ត្រាំ។ ប៉ុន្តែសម្រាប់ការនាំចូលរថយន្ត នៅតែត្រូវអនុវត្តក្នុងអត្រា ២៥ភាគរយ៕