(ប៉េកាំង)៖ ស្ថានទូតចិនប្រចាំនៅប្រទេសមីយ៉ាន់ម៉ា បាននិយាយថា ប្រទេសចិនបានសន្យាផ្តល់ជំនួយមនុស្សធម៌បន្ទាន់សរុប ១ពាន់លានយាន់ ឬស្មើនឹង១៣៧លានដុល្លារ ដល់មីយ៉ាន់ម៉ា ដែលបានទទួលរងគ្រោះមហន្តរាយរញ្ជួយដី កាលពីចុងខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ ស្ថានទូតចិនបាននិយាយថា មូលនិធិជំនួយខាងលើ នឹងជួយផ្តល់នូវស្បៀងអាហារ ថ្នាំពេទ្យ និងជម្រកស្នាក់នៅ ដែលត្រូវការចាំបាច់បន្ទាន់ ហើយចំណាយទៅលើកិច្ចការផ្សេងៗទៀត ដូចជាការទប់ស្កាត់ការឆ្លងជំងឺ និងការវាយតម្លៃគ្រោះមហន្តរាយ ជាដើម។

ទីក្រុងប៉េកាំងបានបញ្ជូនក្រុមសង្រ្គោះ និងអ្នកជំនាញជាង៣០ក្រុម ទៅកាន់មីយ៉ាន់ម៉ា ហើយបាននិយាយថា ខ្លួននឹងចូលរួម​ក្នុងការងារវាយតម្លៃការខាតបង់ ដោយសារគ្រោះមហន្តរាយ និងការស្ថាបនាប្រទេសឡើងវិញ។ អង្គការកាកបាទក្រហមចិន ក៏បាន​ផ្តល់ថវិកា១.៥លានយាន់ ឬស្មើនឹង២០៦ ០០០ដុល្លារ ដល់មីយ៉ាន់ម៉ាផងដែរ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា គឺជារញ្ជួយដីដ៏ខ្លាំងក្លាបំផុតមួយ សម្រាប់ប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេល១ទសវត្សរ៍មកនេះ ហើយវាបានសម្លាប់មនុស្សយ៉ាងហោច ៣៦៤៥នាក់៕