(តៃប៉ិ)៖ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បាននិយាយនៅថ្ងៃសុក្រ ទី១១ ខែមេសា ថា ដែនកោះនេះនឹងស្ថិតនៅក្នុងចំណោម ក្រុមដៃគូពាណិជ្ជកម្មដំបូងគេ ដែលបើកកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក ជុំវិញបញ្ហាពន្ធគយ ហើយរូបលោកបានប្តេជ្ញាថា នឹងត្រៀមលក្ខណៈរួចរាល់ សម្រាប់ការចរចា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា រូបលោកនឹងពន្យារពេលបណ្តោះអាសន្ន ៩០ថ្ងៃ ក្នុងការអនុវត្តពន្ធគយខ្ពស់ លើរាប់សិបប្រទេសនិងតំបន់ ហើយក្នុងនោះតៃវ៉ាន់ ដែលមានឧស្សាហកម្មផលិតបន្ទះឈីបដ៏ធំ បានប្រឈមមុខជាមួយការយកពន្ធ ក្នុងអត្រា៣២ភាគរយ។ បណ្តាប្រទេសនៅអាស៉ី បាននាំគ្នាអះអាងរួចជាស្រេចថា ពួកគេបានចាប់ផ្តើម ឬក៏កំពុងត្រៀមខ្លួន ដើម្បីចាប់ផ្តើមការចរចាជាមួយទីក្រុងវ៉ាស៉ីនតោន ជុំវិញរឿងពន្ធគយនោះ ហើយសេតវិមានក៏បានអះអាងដែរថា ប្រទេសជាង៧០ បានទាក់ទងទៅ ដើម្បីស្នើសុំចាប់ផ្តើមការចរចាគ្នា។
ថ្លែងប្រាប់ក្រុមថ្នាក់ដឹកនាំវិស័យធុរកិច្ចតៃវ៉ាន់ នៅទីក្រុង Taichung លោក Lai បាននិយាយដូច្នេះថា «យើងស្ថិតក្នុងចំណោមក្រុមដំបូងគេ នៃបណ្តាដៃគូពាណិជ្ជកម្មអាមេរិក ដែលត្រូវចាប់ផ្តើមកិច្ចចរចា ហើយរដ្ឋាភិបាលយើង នឹងត្រៀមខ្លួនយ៉ាងប្រសើរ។ បំណងប្រាថ្នារបស់តៃវ៉ាន់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក អំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយ អាចនឹងសម្រេចទៅបាន តាមរយៈការចាប់យកឱកាសមួយនេះ»។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន លោក Lai ធ្លាប់បានលើកឡើងនូវគំនិត «ពន្ធគយសូន្យ» ធ្វើជាចំណុចមូលដ្ឋាន សម្រាប់កិច្ចពិភាក្សាជាមួយអាមេរិក ដោយនិយាយថា តៃវ៉ាន់នឹងទិញទំនិញកាន់តែច្រើនពីសហរដ្ឋអាមេរិក ហើយវិនិយោគបន្ថែមនៅទីនោះ។ តៃវ៉ាន់ ដែលជាមូលដ្ឋាននៃក្រុមហ៊ុនបន្ទះឈីបធំបំផុតរបស់ពិភពលោក TSMC បានព្យាយាមស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាយូរមកហើយ ជាមួយអាមេរិក៕