(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានដាក់ពង្រាយឧទ្ធម្ភាគចក្រ ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃ នៅក្នុងតំបន់គ្មានយោធា (DMZ) ដែលជាទីតាំងខណ្ឌចែកជាមួយកូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ ២០២៥។

អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយថា មូលហេតុនៃភ្លើងឆេះ កាលពីរសៀលថ្ងៃព្រហស្បតិ៍ នៅតំបន់ Goseong ខេត្ត Gangwon ក្នុងតំបន់គ្មានយោធានោះ មិនទាន់ដឹងនៅឡើយទេ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រពន្លត់ ចំនួនពីរគ្រឿង មកពីភ្នាក់ងារព្រៃឈើកូរ៉េ ត្រូវបានដាក់ពង្រាយដើម្បីពន្លត់ភ្លើងឆេះព្រៃ។ មិនមានរបាយការណ៍​អំពី​ការ​ខូចខាត​ដល់​បុគ្គលិក ឬ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ខាង​កូរ៉េ​ខាង​ត្បូង​នោះ​ទេ។

គួរបញ្ជាក់ថា ចំណាត់ការនេះធ្វើឡើង បន្ទាប់ពីកូរ៉េខាងត្បូង បានទទួលរងនូវភ្លើងឆេះព្រៃដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រ កាលពីខែមុន និងដែលបានឆក់យកជីវិតមនុស្សច្រើនជាង ៣០នាក់នៅភាគអាគ្នេយ៍នៃប្រទេស៕