(ប៉េកាំង)៖ នៅថ្ងៃសៅរ៍ ទី១២ ខែមេសា ក្រសួងពាណិជ្ជកម្មនៃប្រទេសចិន បាននិយាយថា រដ្ឋមន្រ្តីពាណិជ្ជកម្មចិន លោក Wang Wentao បានលើកឡើងថា វិធានការពន្ធគយបដិការ ឬហៅថា reciprocal tariff របស់សហរដ្ឋអាមេរិក នឹងបង្កផលអាក្រក់យ៉ាងធ្ងន់ធ្ងរជាទីបំផុត ចំពោះបណ្តាប្រទេសក្រីក្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

សេចក្តីថ្លែងការណ៍ក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងថា អំឡុងជំនួបសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃសុក្រសប្តាហ៍នេះ លោក Wang បានប្រាប់ទៅកាន់ប្រមុខអង្គការពាណិជ្ជកម្មពិភពលោក WTO លោកស្រី Ngozi Okonjo-Iweala យ៉ាងដូច្នេះថា «ពន្ធគយបដិការទាំងនេះរបស់អាមេរិក នឹងបង្កផលអាក្រក់ធ្ងន់ធ្ងរបំផុតលើក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសនោះ គឺបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច ហើយអាចនឹងបង្កជាវិបត្តិមនុស្សធម៌ថែមទៀតផង»

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចផ្អាកបណ្តោះអាសន្នរយៈពេល ៩០ថ្ងៃ ក្នុងការអនុវត្តពន្ធគយខ្ពស់លើប្រទេសជាច្រើន ដើម្បីបើកផ្លូវចរចាគ្នា លើកលែងតែចិន ដែលត្រូវបានដំឡើងពន្ធរហូតដល់ ១៤៥ភាគរយ ដ្បិតមាន​តែប្រទេសចិនមួយប៉ុណ្ណោះ ដែលហ៊ានដំឡើងពន្ធសងសឹកលើទំនិញរបស់អាមេរិកវិញ។ ក្នុងចំណោមប្រទេសដែលអាមេរិកគ្រោងយកពន្ធខ្ពស់ៗនោះ រួមមានដូចជា ឡេសូតូ កម្ពុជា ឡាវ ម៉ាដាហ្កាស្កា វៀតណាម ស្រីលង្កា មីយ៉ាន់ម៉ា ស៉ីរី អ៉ីរ៉ាក់ និង បង់ក្លាដែស ដែលប្រឈមមុខនឹងការដំឡើងពន្ធចន្លោះចាប់ពី៣៥ភាគរយ ដល់៥០ភាគរយ៕