(បាងកក)៖ ក្រុមមន្ត្រីថៃ បាននិយាយនៅថ្ងៃសៅរ៍នេះថា គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្ស ២៧នាក់ និងរបួស ២០១នាក់ នៅក្នុងការធ្វើដំណើរថ្ងៃដំបូងនៃពិធីបុណ្យសង្ក្រាន្ត។ នេះបេីយោងតាមការចេញផ្សាយដោយកាសែត Bangkok Post នៅថ្ងៃសៅរ៍ ទី១២ ខែមេសា ឆ្នាំ ២០២៥។

មជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាពចរាចរណ៍ បានឱ្យដឹងថា ករណីគ្រោះថ្នាក់សរុបចំនួន ២២១ ត្រូវបានរាយការណ៍កាលពីថ្ងៃសុក្រ ខណៈដែលមនុស្សចាប់ផ្តើមដេីរកម្សាន្តសម្រាប់ថ្ងៃឈប់សម្រាកចូលឆ្នាំថ្មីរបស់ប្រទេសថៃ។ លោក Opas Karnkawinpong លេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលសាធារណៈថៃ បាននិយាយថា តួលេខនេះគឺទាបជាងកាលពីឆ្នាំ ២០២៤។

ការបើកបរលើសល្បឿនកំណត់ ជាមូលហេតុចម្បងនៃគ្រោះថ្នាក់ដែលមាន ចំនួន ៤១% និង ២៣%ទាក់ទងនឹងការបើកបរក្នុងស្ថានភាពស្រវឹង។ ការធ្វេីដំណេីរតាមម៉ូតូបានជាប់ពាក់ព័ន្ធ ៨៤% នៃគ្រោះថ្នាក់ទាំងអស់។ កត្តាផ្លូវថ្នល់មានចំនួនប្រហែលពាក់កណ្តាល ហើយគ្រោះថ្នាក់កេីតឡេីងច្រេីនបំផុតគឺក្នុងអំឡុងម៉ោង ៣រសៀលដល់ម៉ោង ៦ល្ងាច។

គួរបញ្ជាក់ សង្រ្កាន្តចូលឆ្នាំថ្មីនៅក្នុងប្រទេសថៃ ត្រូវបានប្រារព្ធចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៥ ខែមេសា ជារៀងរាល់ឆ្នាំ ប៉ុន្តែឆ្នាំនេះដោយសារតែចំចុងសប្តាហ៍ នាំឱ្យការលេងកម្សាន្តមានរយៈពេលដល់ទៅ ៥ថ្ងៃ៕