(ឌូបៃ)៖ កិច្ចពិភាក្សាកម្រិតខ្ពស់រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់នៅក្នុងប្រទេសអូម៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់បានចាប់ផ្តេីមហេីយនាថ្ងៃសៅរ៍ ទី១២ ខែមេសា នេះ ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមចាត់វិធានការយោធាប្រសិនបើគ្មានកិច្ចព្រមព្រៀង។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi កំពុងដឹកនាំគណៈប្រតិភូអ៉ីរ៉ង់ ចរចាជាមួយសហរដ្ឋអាមេរិកដែលដឹកនាំដោយបេសកជនទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ារបស់​លោក​ ត្រាំ​ គឺលោក Steve Witkoff។ អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Esmail Baghaei និយាយាថា​ កិច្ចចរចាដោយប្រយោលបានចាប់ផ្តើមហើយ ដោយគណៈប្រតិភូនីមួយៗស្ថិតនៅក្នុងបន្ទប់ដាច់ដោយឡែកពីគ្នា ហើយផ្លាស់ប្តូរសារតាមរយៈ រដ្ឋមន្ត្រីការបរទេសអូម៉ង់។

មន្រ្តីអូម៉ង់ម្នាក់ បានប្រាប់ Reuters ថាការផ្តោតសំខាន់នៃកិច្ចពិភាក្សា គឺការកើនឡើងនូវភាពតានតឹងក្នុងតំបន់ ការដោះដូរអ្នកទោស និងលក្ខខណ្ឌបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងជាថ្នូរនឹងការគ្រប់គ្រងកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់។

គួរបញ្ជាក់ថា ការយល់ព្រមចូលមកចរចាពីសំណាក់ទីក្រុងតេហេរ៉ង់ ធ្វេីឡេីងបន្ទាប់ពី លោក ត្រាំ គំរាមទម្លាក់គ្រាប់បែកលើអ៉ីរ៉ង់ ប្រសិនមិនបញ្ឈប់កម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួន។ ទោះជាមានការពិភាក្សាគ្នានាពេលនេះក្តី​ តែភាគីទាំងពីរនៅតែមានគំនិតខុសឆ្ងាយ ជុំវិញជម្លោះដែលបានកើតឡើងអស់រយៈពេលជាងពីរទសវត្សរ៍៕