(ស៊ីដនី)៖ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក Winston Peters នៅថ្ងៃអាទិត្យ ទី១៣ ខែមេសា បាននិយាយថាប្រទេសរបស់លោក ត្រូវការសហរដ្ឋអាមេរិកក្នុងនាមជាដៃគូដ៏សកម្មមួយ នៅក្នុង តំបន់ឥណ្ឌូប៉ាស៊ីហ្វិក បន្ទាប់ពីដំណើរទស្សនកិច្ចមួយទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីខែមីនា ដើម្បីជំរុញទំនាក់ទំនងជាមួយរដ្ឋបាលលោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

នូវែលសេឡង់ និងសហរដ្ឋអាមេរិក បានធ្វើការរួមគ្នានៅក្នុងតំបន់ប៉ាស៊ីហ្វិក ដើម្បីទប់ស្កាត់ការកើនឡើងឥទ្ធិពលចិន ប៉ុន្តែការព្រួយបារម្ភបានកើតឡើងក្នុងចំណោមសមាជិកសភាមួយចំនួន នៅនូវែលសេឡង់ អំពីការផ្លាស់ប្ដូររដ្ឋបាលដឹកនាំនៅក្នុងទីក្រុងវ៉ាស៊ីនតោន និងការផ្អាកជំនួយបរទេសរបស់សហរដ្ឋអាមេរិកអាចបង្កផលប៉ះពាល់ដល់តំបន់។ នៅក្នុងសុន្ទរកថាមួយចេញពីទីក្រុង Honolulu នៃរដ្ឋ Hawaii លោក Peters បាននិយាយថាសារមួយដែលលោកចង់បញ្ជូនឱ្យសហរដ្ឋអាមេរិក នោះគឺនូវែលសេឡង់ចង់ឱ្យសហរដ្ឋអាមេរិកបន្តធ្វើសកម្មភាពយ៉ាងសកម្ម បន្តការចូលរួម និងធ្វើជាដៃគូប្រកបដោយលក្ខណៈស្ថាបនានៅក្នុងតំបន់។ «យើងកំពុងសម្លឹងរកការរៀបចំកិច្ចសន្ទនាបន្ថែមនៅប៉ុន្មានថ្ងៃខាងមុខនេះ»។ នេះជាការបន្ថែមរបស់លោក Peters។

គួរបញ្ជាក់ថា អំឡុងទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីខែមីនា លោក​ Peters បានជួបរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងទីប្រឹក្សាសន្តិសុខជាតិ Mike Waltz រួមទាំង មន្ត្រីជាន់ខ្ពស់អាមេរិកមួយចំនួនទៀត។ ក្រោយជំនួបជាមួយក្រុមមន្ត្រីអាមេរិក រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់រូបនេះបានកត់សម្គាល់ថាទំនាក់ទំនងរបស់នូវែលសេឡង់ជាមួយសហរដ្ឋអាមេរិក មាន ស្ថិរភាព និងរឹងមាំ បើទោះជាកំពុងប្រឈមទៅនឹងអ្វីដែលលោកហៅថាជាបញ្ហាប្រឈមដ៏សំខាន់បំផុតមួយនៃបរិយាកាសយុទ្ធសាស្ត្រ ក្នុងពេលកន្លៈស.វមកនេះក៏ដោយ៕