(ឌូបៃ)៖ អ៉ីរ៉ង់ និងសហរដ្ឋអាមេរិក បានអះអាងរៀងៗខ្លួនថាប្រទេសទាំង២ បានរៀបចំកិច្ចចរចាប្រកបដោយភាពវិជ្ជមាន និងលក្ខណៈស្ថាបនា នៅក្នុងប្រទេសអូម៉ង់ កាលពីថ្ងៃសៅរ៍ ទី១២ ខែមេសា ហើយបានឯកភាពគ្នាថានឹងចាប់ផ្ដើមកិច្ចចរចាជាថ្មីនៅសប្ដាហ៍ក្រោយ ដើម្បីដោះស្រាយភាពតានតឹងជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ក្នុងបរិបទដែលលោក ដូណាល់ ត្រាំ គំរាមថានឹងប្រើកម្លាំងយោធា ប្រសិនបើកិច្ចចរចាតាមការទូតមិនអាចសម្រេចបានកិច្ចព្រមព្រៀងទេនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងនៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍រដ្ឋ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi បាននិយាយថាលោកជឿជាក់ថាអ៉ីរ៉ង់ និងអាមេរិកកំពុងខិតជិតទៅរកមូលដ្ឋានមួយ សម្រាប់កិច្ចចរចា ហើយប្រសិនបើអាចសម្រេចបានមូលដ្ឋាននេះនៅសប្ដាហ៍ក្រោយ នោះកិច្ចចរចាពិតប្រាកដមួយអាចនឹងចាប់ផ្ដើមដោយផ្អែកលើមូលដ្ឋាននេះតែម្ដង។ លោក Araqchi បន្ថែមថាភាគីទាំងសងខាង បានឯកភាពគ្នាថានឹងជួបចរចាគ្នាម្ដងទៀត ប្រហែលអាចនៅសប្ដាហ៍ក្រោយ ដោយអ៉ីរ៉ង់ និងសហរដ្ឋអាមេរិកចង់បានកិច្ចព្រមព្រៀងមួយក្នុងរយៈពេលខ្លី។

គួរបញ្ជាក់ថា សេតវិមាន ក៏បានចាត់ទុកផងដែរថាកិច្ចចរចាជាមួយអ៉ីរ៉ង់ ដែលមានការចូលរួមពីបេសកជនពិសេសរបស់លោក ត្រាំ គឺលោក Steven Witkoff និងឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអូម៉ង់ បានប្រព្រឹត្តទៅប្រកបដោយភាពវិជ្ជមាន និងលក្ខណៈស្ថាបនា៕