(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិន នៅថ្ងៃអាទិត្យបាននិយាយថា សហរដ្ឋអាមេរិកគួរតែលុបចោលទាំងស្រុងនូវការអនុវត្តគោលនយោបាយពន្ធ «ទៅវិញទៅមក» ដោយចាត់ទុកថា គោលនយោបាយនេះគឺជាទង្វើខុសឆ្គង និងគួរតែដោះស្រាយភាពខុសគ្នា តាមរយៈការគោរពគ្នាទៅវិញទៅមក និងការចរចាប្រកបដោយសមភាព។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីភាគីសហរដ្ឋអាមេរិក បានសម្រេចលើកលែងពន្ធមួយចំនួន លើផលិតផលដូចជា កុំព្យូទ័រ ទូរសព្ទដៃស្មាតហ្វូន និងឧបករណ៍អេឡេចត្រូនិចផ្សេងទៀត ពីពន្ធ «ទៅវិញទៅមក» ដែលបានលើប្រទេសចិន និងប្រទេសនៅទូទាំងពិភពលោក។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា ការលើកលែងពន្ធលើផលិតផលមួយចំនួននេះ គឺជាជំហានដ៏តូចមួយរបស់អាមេរិក ក្នុងការកែតម្រូវគោលនយោបាយពន្ធឯកតោភាគីខុសឆ្គងរបស់ខ្លួន។ គោលនយោបាយនេះមិនត្រឹមតែមិនបានដោះស្រាយបញ្ហារបស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ថែមទាំងបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ រួមទាំងការរំខានដល់ដំណើរការផលិត និងប្រតិបត្តិការរបស់សហគ្រាសនានា ក៏ដូចជាប៉ះពាល់ដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនផងដែរ។
ក្រសួងពាណិជ្ជកម្មចិន បានសង្កត់ធ្ងន់ថា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាមេរិក គឺមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ហើយសង្គ្រាមពាណិជ្ជកម្មនឹងមិនផ្តល់ផលចំណេញដល់ភាគីណាមួយឡើយ ព្រមទាំងមិនមែនជាដំណោះស្រាយសម្រាប់ការគាំពារនិយមនោះទេ។
ទន្ទឹមគ្នានោះ ក្រសួងពាណិជ្ជកម្មចិន ក៏បានជំរុញឱ្យភាគីសហរដ្ឋអាមេរិក យកចិត្តទុកដាក់ឱ្យបានខ្លាំងទៅលើសំឡេងសមហេតុផលរបស់សហគមន៍អន្តរជាតិ ក៏ដូចជាភាគីពាក់ព័ន្ធនៅក្នុងប្រទេសរបស់ខ្លួន ហើយចាត់វិធានការយ៉ាងម៉ឺងម៉ាត់ឆ្ពោះទៅមុខ ក្នុងការកែប្រែភាពខុសឆ្គងទាំងនេះ៕