(ហាណូយ)៖ ក្នុងអត្ថបទមួយរបស់អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃចន្ទ ទី១៤ ខែមេសា លោក To Lam មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិន ឱ្យកាន់តែរឹងមាំខ្លាំងថែមទៀត ក្នុងវិស័យការទូត ការពារជាតិ សន្តិសុខ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Lam បានគូសបញ្ជាក់ថា វៀតណាមចាត់ទុក តំណភ្ជាប់ខ្សែផ្លូវដែកចំនួន៣ ជាមួយប្រទេសចិន គឺជាអាទិភាពចម្បងបំផុតរបស់ខ្លួន នៅក្នុងកិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្រ្ត ជាមួយទីក្រុងប៉េកាំង។ មេដឹកនាំកំពូលវៀតណាមរូបនេះ បានលើកឡើងដូចខាងលើ ស្របពេលដែលប្រធានាធិបតីចិន លោក ស៉ី ជីនពីង គ្រោងធ្វើទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមេសា ដែលជាផ្នែកមួយនៃដំណើរបំពេញទស្សនកិច្ចរបស់លោក មកកាន់តំបន់អាស៉ីអាគ្នេយ៍។
គួរបញ្ជាក់ថា លើកចុងក្រោយ ដែលលោក ស៉ី បានធ្វើដំណើរមកកាន់ប្រទេសវៀតណាម គឺកាលពីខែធ្នូ ឆ្នាំ២០២៣។ បន្ទាប់ពីវៀតណាម លោកប្រធានាធិបតីចិន នឹងបន្តទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៉ី និងកម្ពុជា។ វានឹងជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងបំផុត របស់លោក ស៉ី ជីនពីង ក្នុងឆ្នាំ២០២៥នេះ៕