(សេអ៊ូល)៖ នៅថ្ងៃចន្ទ ទី១៤ ខែមេសា សវនាការនៃសំណុំរឿងព្រហ្មទណ្ឌរបស់អតីតប្រធានាធិបតី លោក Yoon Suk Yeol បានចាប់ផ្តើមប្រព្រឹត្តទៅ ជុំវិញបទចោទប្រកាន់ថា រូបលោកបានដឹកនាំសកម្មភាពបះបោរ នៅពេលដែលលោកប្រកាសច្បាប់អាជ្ញាសឹក កាលពីចុងឆ្នាំមុន ហើយធ្វើឱ្យប្រទេសទាំងមូល ធ្លាក់ក្នុងវិបត្តិនយោបាយធ្ងន់ធ្ងរ អស់រយៈពេលជាច្រើនខែ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។
អំឡុងកិច្ចចាប់ផ្តើមបើកសវនាការ នៅឯតុលាការសង្កាត់កណ្តាលនៃទីក្រុងសេអ៊ូល ខាងរដ្ឋអាជ្ញាបានអះអាងថា លោក Yoon ខ្វះហេតុផលស្របច្បាប់ ដើម្បីប្រកាសច្បាប់អាជ្ញាសឹក ហើយបានចោទថា រូបលោកព្យាយាមធ្វើឱ្យជាប់គាំងស្ថាប័នរដ្ឋ ដូចជាសភាជាដើម។ លោក Yoon ធ្លាប់បាននិយាយថា លោកគ្មានបំណងធ្វើឱ្យប្រទេសជាប់គាំងទេ ហើយការប្រកាសច្បាប់អាជ្ញាសឹកនោះ គឺចាំបាច់ដើម្បីបង្ហាញថា គណបក្សប្រឆាំងបានប្រព្រឹត្តទង្វើបែបផ្តាច់ការនៅសភា តាមរយៈការរារាំងម្តងហើយម្តងទៀត ចំពោះរបៀបវារៈរដ្ឋាភិបាលរបស់លោក។
គួរបញ្ជាក់ថា ក្រោមបទចោទប្រកាន់អំពើបះបោរ ប្រសិនបើរកឃើញថា ពិតជាមានទោស លោក Yoon Suk Yeol ប្រឈមមុខជាមួយការជាប់ពន្ធនាគារអស់មួយជីវិត ឬដល់ថ្នាក់ប្រហារជីវិតតែម្តង ប៉ុន្តែច្រើនទសវត្សរ៍មកហើយ ប្រទេសកូរ៉េខាងត្បូង មិនបានប្រហារជីវិតអ្នកទោសណាមួយឡើយ។ កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក Yoon និងភរិយា បានចាកចេញពីវិមានប្រធានាធិបតី ត្រឡប់ទៅលំនៅដ្ឋានឯកជនវិញ បន្ទាប់ពីលោកត្រូវបានតុលាការធម្មនុញ្ញ សម្រេចដកតំណែងជាផ្លូវការ ដោយសារតែរឿងប្រកាសច្បាប់អាជ្ញាសឹក៕