(ហាណូយ)៖ ប្រទេសចិន និងវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរាប់សិបកាលពីថ្ងៃចន្ទ ទី១៤ ខែមេសា ក្នុងឱកាសដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកកាន់ប្រទេសវៀតណាម ដោយផ្តោតសំខាន់លើការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងកិច្ចសហប្រតិបត្តិការផ្លូវដែក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារ Reuters។
កិច្ចព្រមព្រៀងទាំងនោះ ក៏រាប់បញ្ចូលទាំងកិច្ចសហប្រតិបត្តិការលើវិស័យផលិតកម្មផងដែរ។ ទោះជាយ៉ាងណា ព័ត៌មានលម្អិតជាក់លាក់ និងខ្លឹមសារនៃកិច្ចព្រមព្រៀង រួមទាំងថាតើមានការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុដែរឬយ៉ាងណានោះ មិនត្រូវបានបង្ហាញជាសាធារណៈទេ។ កិច្ចព្រមព្រៀងផ្សេងទៀតដែលត្រូវបានចុះហត្ថលេខារួមមាន កិច្ចព្រមព្រៀងរវាងក្រសួងពាណិជ្ជកម្ម និងក្រសួងការពារជាតិនៃប្រទេសទាំងពីរ និងរវាងសភាពាណិជ្ជកម្មរបស់ពួកគេ។
ដំណើរទស្សនកិច្ចនេះធ្វើឡើង ខណៈដែលចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម និងជាប្រភពផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ឧស្សាហកម្មផលិតកម្មវៀតណាម កំពុងប្រឈមនឹងការដាក់ពន្ធនាំចូលខ្ពស់ពីសហរដ្ឋអាមេរិក រហូតដល់ ១៤៥% លើទំនិញមួយចំនួន ខណៈវៀតណាមក៏កំពុងចរចាលើបញ្ហាពន្ធគយរហូតដល់ ៤៦% ពីសហរដ្ឋអាមេរិកផងដែរ។ មុនការចុះហត្ថលេខានេះ លោក ស៊ី ជីនពីង បានអំពាវនាវតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម ឲ្យមានទំនាក់ទំនងកាន់តែរឹងមាំលើខ្សែសង្វាក់ពាណិជ្ជកម្ម និងការផ្គត់ផ្គង់ជាមួយវៀតណាម។
គួរបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Bui Thanh Son កាលពីចុងសប្តាហ៍មុន បានលើកឡើងថា ប្រទេសដែលគ្រប់គ្រងដោយបក្សកុម្មុយនិស្តទាំងពីរ រំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការប្រហែល ៤០ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង៕