(មូស្គូ)៖ ប្រទេសរុស្ស៊ីបានអះអាងថា មីស៊ីលរបស់ខ្លួនបានវាយប្រហារចំកិច្ចប្រជុំរបស់មន្ត្រីយោធាអ៊ុយក្រែននៅទីក្រុង Sumy កាលពីថ្ងៃអាទិត្យ ទី១៣ ខែមេសា ខណៈដែលភាគីអ៊ុយក្រែនបានរាយការណ៍ថា ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងដដែលនេះ បានបណ្តាលឲ្យជនស៊ីវិលចំនួន ៣៤នាក់ស្លាប់ និង ១១៧នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួនបានបាញ់ «មីស៊ីលយុទ្ធសាស្ត្រ Iskander-M ចំនួនពីរគ្រាប់» ទៅលើទីតាំងប្រជុំរបស់ «ក្រុមយុទ្ធសាស្ត្រប្រតិបត្តិការ» នៃកងកម្លាំងអ៊ុយក្រែន ដោយបានសម្លាប់ទាហានអ៊ុយក្រែនជាង ៦០នាក់។ ក្រសួងការពារជាតិរុស្ស៊ី ក៏បានចោទប្រកាន់អ៊ុយក្រែនថា បានប្រើប្រាស់ជនស៊ីវិលធ្វើជាខែល ដោយដាក់សម្ភារៈយោធា និងរៀបចំព្រឹត្តិការណ៍យោធានៅកណ្តាលទីក្រុងដែលមានមនុស្សរស់នៅច្រើន។
ផ្ទុយទៅវិញ ភាគីអ៊ុយក្រែនបានរាយការណ៍ពីចំនួនអ្នកស្លាប់ និងរបួសដ៏ច្រើនក្នុងចំណោមជនស៊ីវិល។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានទាមទារឲ្យមានការឆ្លើយតបជាអន្តរជាតិយ៉ាងម៉ឺងម៉ាត់ ដោយហៅការវាយប្រហារនេះថាជាទង្វើរបស់ «មនុស្សព្រៃផ្សៃ»។
មេដឹកនាំចក្រភពអង់គ្លេស អាល្លឺម៉ង់ និងអ៊ីតាលី បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការវាយប្រហារនេះ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានហៅការវាយប្រហារនេះថា «គួរឲ្យខ្លាច» ហើយបានបន្ថែមដោយមិនបញ្ជាក់ច្បាស់ថា «ពួកគេបានធ្វើកំហុស»។
នៅពេលត្រូវបានសួរអំពីការអត្ថាធិប្បាយរបស់លោក ត្រាំ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបង្វែរសំណួរនេះទៅក្រសួងការពារជាតិ ដោយគ្រាន់តែរំលឹកឡើងវិញនូវជំហររបស់រុស្ស៊ីថា កងទ័ពរបស់ខ្លួនវាយប្រហារតែលើគោលដៅយោធា ឬហេដ្ឋារចនាសម្ព័ន្ធយោធាប៉ុណ្ណោះ។
គួរបញ្ជាក់ថា ការវាយប្រហារនេះកើតឡើង ខណៈលោក ត្រាំ កំពុងព្យាយាមជំរុញឲ្យមានវឌ្ឍនភាពលើការសន្យារបស់លោកក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនយ៉ាងឆាប់រហ័ស៕