(ហាណូយ)៖ កូរ៉េខាងត្បូង និងវៀតណាម បានព្រមព្រៀងគ្នាកាលពីថ្ងៃចន្ទ ទី១៤ ខែមេសា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅទីក្រុងហាណូយ ចំពេលដែលប្រទេសទាំងពីរកំពុងស្វែងរកដំណោះស្រាយចំពោះផលប៉ះពាល់នៃពន្ធគយដែលមានសក្តានុពលរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មកូរ៉េខាងត្បូង លោក Ahn Duk-geun និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បានឯកភាពលើផែនការសកម្មភាព ដើម្បីធានាការសម្រេចគោលដៅពាណិជ្ជកម្មទ្វេភាគី ១៥០ពាន់លានដុល្លារនៅឆ្នាំ២០៣០។ ប្រទេសទាំងពីរក៏បានព្រមព្រៀងសហការក្នុងការអភិវឌ្ឍថាមពលនុយក្លេអ៊ែរ ថាមពលឧស្ម័នធម្មជាតិរាវ (LNG) និងការវិនិយោគក្នុងឧស្សាហកម្មវាយនភណ្ឌ និងសម្លៀកបំពាក់។
កិច្ចព្រមព្រៀងនេះមានសារៈសំខាន់ ដោយសារក្រុមហ៊ុនកូរ៉េខាងត្បូងជាអ្នកវិនិយោគបរទេសធំជាងគេនៅវៀតណាម ហើយវៀតណាមជាគោលដៅនាំចេញធំទី៣របស់កូរ៉េខាងត្បូង។ លោក Ahn ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមចំពេលប្រទេសទាំងពីរកំពុងចរចាជាមួយអាមេរិកលើការកាត់បន្ថយផលប៉ះពាល់នៃពន្ធគយសម្រាប់វៀតណាម ដែលអាចនឹងអនុវត្តនៅខែកក្កដា ក៏បានជួបជាមួយតំណាងក្រុមហ៊ុនធំៗដូចជា Samsung Electronics, LG Electronics, Hyundai Motor និង HS Hyosung ដោយសន្យាថា រដ្ឋាភិបាលក្រុងសេអ៊ូលនឹងបន្តធ្វើការជាមួយវ៉ាស៊ីនតោន និងហាណូយ ដើម្បីកាត់បន្ថយផលប៉ះពាល់លើក្រុមហ៊ុនកូរ៉េទាំងនោះ។
គួរបញ្ជាក់ថា ការពឹងផ្អែកខ្លាំងរបស់ក្រុមហ៊ុនកូរ៉េលើវៀតណាម ដូចជា Samsung លើការផលិតទូរស័ព្ទជាង ៦០% លក់ទូទាំងពិភពលោកនៅទីនេះ កំពុងប្រឈមនឹងបញ្ហាដោយសារការគំរាមកំហែងនៃពន្ធគយអាមេរិក ដែលបង្ហាញពីភាពងាយរងគ្រោះនៃគំរូពឹងផ្អែកលើការនាំចេញរបស់វៀតណាម។ ទន្ទឹមនឹងនេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក៏កំពុងបំពេញទស្សនកិច្ចនៅវៀតណាម ដោយអំពាវនាវឲ្យមានការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់រវាងចិន និងវៀតណាមផងដែរ៕