(ហ្សឺណែវ)៖ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (OHCHR) នៅថ្ងៃអង្គារបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការការពារជនស៊ីវិលនៅក្នុងប្រទេសលីបង់ ដោយសារតែប្រតិបត្តិការយោធារបស់អ៊ីស្រាអែលបានបន្តសម្លាប់ជនស៊ីវិលនៅទីនោះ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីខែវិច្ឆិកាឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែមេសា ឆ្នាំ២០២៥។

អ្នកនាំពាក្យ OHCHR លោក Thameen Al-Kheetan បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវថា ប្រតិបត្តិការយោធាអ៊ីស្រាអែល បានបន្តសម្លាប់ និងធ្វើឲ្យរបួសជនស៊ីវិល ព្រមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ។

គួរបញ្ជាក់ថា យោងតាម OHCHR យ៉ាងហោចណាស់ជនស៊ីវិល ៧១នាក់ រួមទាំងស្ត្រី ១៤នាក់ និងកុមារ ៩នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលនៅលីបង់ចាប់តាំងពីថ្ងៃទី ២៧ ខែវិច្ឆិកា ហើយប្រជាជន ៩២,០០០នាក់ទៀតនៅតែត្រូវភៀសខ្លួន។ ក្នុងពេលជាមួយគ្នា ការិយាល័យក៏បានកត់សម្គាល់ផងដែរថា យ៉ាងហោចណាស់មានរ៉ុក្កែត ៥គ្រាប់ កាំភ្លើងត្បាល់ ២គ្រាប់ និងដ្រូន ១គ្រឿង ត្រូវបានបាញ់ចេញពីប្រទេសលីបង់ឆ្ពោះទៅភាគខាងជើងអ៊ីស្រាអែល ហើយប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់ ក៏កំពុងភៀសខ្លួនពីតំបន់ភាគខាងជើងរបស់ខ្លួនផងដែរ។

លោក Al-Kheetan បានអំពាវនាវឲ្យភាគីទាំងពីររក្សាបទឈប់បាញ់ ដោយព្រមានថា ការកើនឡើងភាពតានតឹងណាមួយនឹងបង្កហានិភ័យដល់ស្ថិរភាពក្នុងតំបន់ទាំងមូល។ ទោះបីមានបទឈប់បាញ់ក៏ដោយ អ៊ីស្រាអែលបន្តការវាយប្រហារតាមអាកាស ដើម្បីដាក់សម្ពាធលើក្រុមហេសបូឡាហ៍ ដែលខ្លួនចោទប្រកាន់ថាបានរក្សាហេដ្ឋារចនាសម្ព័ន្ធយោធានៅភាគខាងត្បូង។ មន្ត្រីហេសបូឡាហ៍បានលើកឡើងកាលពីសប្តាហ៍មុនថា ក្រុមខ្លួនត្រៀមខ្លួនចរចាលើបញ្ហាអាវុធ ប្រសិនបើអ៊ីស្រាអែលដកទ័ពចេញពីភាគខាងត្បូងលីបង់ និងបញ្ឈប់ការវាយប្រហារ។

គួរបញ្ជាក់ថា ជម្លោះឆ្លងដែននេះបានចាប់ផ្តើមឡើងវិញ កាលពីខែតុលា ឆ្នាំ២០២៣ នៅពេលក្រុមហេសបូឡាហ៍បានបើកការបាញ់ប្រហារគាំទ្រក្រុមហាម៉ាស់ នៅពេលសង្គ្រាមនៅហ្គាហ្សាចាប់ផ្តើម៕