(ម៉ិកស៉ីកូ)៖ ក្រុមមន្រ្តីបានឱ្យដឹងថា រដ្ឋាភិបាលម៉ិកស៉ិកបានផ្អាកការដឹកជញ្ជូនប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិកដែលចូកមកតាមច្រកផ្លូវគោក ខណៈម៉ិកស៉ិកកំពុងបង្ក្រាបបញ្ហាកិច្ចព្រមព្រៀងខុសច្បាប់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ ២០២៥។
ប្រភពបាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា រថយន្តដឹកប្រេងសាំង និងម៉ាស៊ូតចេញពីមជ្ឈមណ្ឌលចម្រាញ់ប្រេងអាមេរិក មិនត្រូវបានអនុញ្ញាតឱ្យឆ្លងព្រំដែនរដ្ឋតិចសាស់ចូលមកក្នុងប្រទេសម៉ិកស៉ិកនោះទេ ខណៈរដ្ឋាភិបាលម៉ិកស៉ិកកំពុងស៊េីបអង្កេត ទៅលេីការអនុញ្ញាតនាំចូល និងបង្កើនការត្រួតពិនិត្យទំនិញ។
ប្រភពដដែលបន្ថែមថា មិនមានពេលវេលាកំណត់ដើម្បីបន្តការដឹកជញ្ជូននេះឡើងវិញទេ ប៉ុន្តែថាការដឹកជញ្ជូនប្រេងតាមផ្លូវដែក និងផ្លូវទឹកពីអាមេរិកទៅកាន់ម៉ិកស៉ិក មិនរងផលប៉ះពាល់ទេ។ យ៉ាងនេះក្តី រដ្ឋាភិបាលម៉ិកស៉ិក និងក្រុមហ៊ុនថាមពលរដ្ឋ Pemex មិនទាន់ឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនៅឡេីយ។
គួរបញ្ជាក់ថា ម៉ិកស៉ិក ជាអ្នកទិញប្រេងកំពូលរបស់សហរដ្ឋអាមេរិក។ ការនាំចេញប្រេងឥន្ធនៈអាមេរិកទៅកាន់ប្រទេសនេះមានជាមធ្យមប្រហែល ៣៥.៦៦លានបារ៉ែលក្នុងមួយថ្ងៃ នៅក្នុងខែមករា។ នេះបើយោងតាមទិន្នន័យចុងក្រោយបង្អស់របស់រដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាមេរិក៕