(ញូវដេលី)៖ ឥណ្ឌា ដែលជាប្រទេសនាំចូលអាវុធធំជាងគេលើពិភពលោកបន្ទាប់ពីអ៊ុយក្រែន បាននិងកំពុងពង្រីកសមត្ថភាពនៃធនាគារនាំចេញ-នាំចូល (EXIM) របស់រដ្ឋ តាមរយៈការផ្តល់ប្រាក់កម្ចីរយៈពេលវែង និងអត្រាការប្រាក់ទាបដល់អតិថិជន រួមទាំងសម្រាប់អ្នកដែលមានហានិភ័យផ្នែកនយោបាយ ឬឥណទាន ឱ្យមានលទ្ធភាពទទួលបានកម្ចីដូចធម្មតា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ ២០២៥។

អាវុធក្នុងស្តុករបស់លោកខាងលិច ត្រូវបានបញ្ជូនទៅកាន់អ៊ុយក្រែន ខណៈដែលរោងចក្ររបស់រុស្ស៉ីខំផលិតអាវុធសម្រាបតែការធ្វេីសង្គ្រាមរបស់ខ្លួន។ ការណ៍នេះបានធ្វើឱ្យប្រទេសផ្សេងទៀតដែលធ្លាប់ពឹងផ្អែកលើទីក្រុងវ៉ាស៉ីនតោន និងទីក្រុងមូស្គូដែលជាប្រទេសនាំចេញអាវុធធំជាងគេបំផុតរបស់ពិភពលោក កំពុងងាកមករកជម្រើសផ្សេង។

តាមក្រុមមន្រ្តីឥណ្ឌា ទីក្រុងញូវដេលី ក៏នឹងបង្កើនចំនួនមន្ត្រីការពារជាតិកាន់តែច្រេីននៅក្នុងបេសកកម្មបរទេស ជាផ្នែកនៃកម្មវិធីថ្មីដែលអាចឱ្យរដ្ឋាភិបាលស្វែងរកចរចាដោយផ្ទាល់នូវកិច្ចព្រមព្រៀងលក់អាវុធ។ ឥណ្ឌា ផ្តោតជាពិសេសលើរដ្ឋាភិបាលបរទេសណាដែលពឹងផ្អែកលេីអាវុធរបស់រុស្ស៉ីជាយូមកហេីយ។ នេះជាកិច្ចខិតខំប្រឹងប្រែងមិនធ្លាប់មានដោយរដ្ឋាភិបាលឥណ្ឌា ដើម្បីបញ្រ្ជាបខ្លួនឯងទៅក្នុងជម្រេីសសម្រាប់ប្រទេសនាំចូលអាវុធ និងផ្តល់ហិរញ្ញប្បទានដល់អ្នកទិញបរទេស។

គួរបញ្ជាក់ថា ការព្យាយាមកន្លងមករបស់នាយករដ្ឋមន្ត្រី លោក Narendra Modi ដើម្បីប្រែក្លាយឥណ្ឌាឱ្យទៅជារោងចក្រពិភពលោក បានទាញយកផលិតកម្ម iPhone និងឱសថតម្លៃថោកគិតជាទឹកប្រាក់រាប់ពាន់លានដុល្លារ។ ឥឡូវនេះលោកសង្ឃឹមថានឹងបន្ថែមមីស៉ីល ឧទ្ធម្ភាគចក្រ និងនាវាចម្បាំងទៅក្នុងបញ្ជីទិញទំនិញរបស់រដ្ឋាភិបាលបរទេស៕