(វ៉ាស៉ីនតោន)៖ អង្គការ UNICEF បានព្យាករណ៍ថា ថវិកាឆ្នាំ ២០២៦របស់ខ្លួននឹងធ្លាក់ចុះយ៉ាងតិច ២០ភាគរយបើធៀបនឹងឆ្នាំ២០២៤ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាត់បន្ថយជំនួយមនុស្សធម៌ជាសាកល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ ២០២៥។
អ្នកនាំពាក្យរបស់ទីភ្នាក់ងារកុមារនៃអង្គការសហប្រជាជាតិមួយនេះ បាននិយាយថា នៅឆ្នាំ ២០២៤ UNICEF មានថវិកាចំនួន ៨.៩ពាន់លានដុល្លារ ហើយនៅឆ្នាំ ២០២៥មានថវិកាប៉ាន់ស្មានចំនួន ៨.៥ពាន់លានដុល្លារ គ្រាដែរមូលនិធិនេះកំពុងស្ថិតក្នុងភាពប្រែប្រួល។ ប៉ុន្មានសប្តាហ៍ចុងក្រោយសបញ្ជាក់ថា អង្គការមនុស្សធម៌ និងអភិវឌ្ឍជុំវិញពិភពលោករួមទាំងអង្គការរបស់ UN ជាច្រើន កំពុងស្ថិតក្នុងវិបត្តិផ្តល់មូលនិធិសកល ហេីយ UNICEF មិនត្រូវបានគេសង្គ្រោះនោះទេ។ ពេលនេះយើងកំពុងធ្វើការព្យាករណ៍បឋមថា ធនធានហិរញ្ញវត្ថុរបស់យើងនឹងមានតិចជាងមុន យ៉ាងហោចណាស់ ២០ភាគរយ នៅឆ្នាំ ២០២៦។
ទោះជា UNICEF មិនបានបញ្ចេញឈ្មោះសហរដ្ឋអាមេរិក ប៉ុន្តែទីក្រុងវ៉ាស៉ីនតោនគឺជាអ្នកផ្តល់ជំនួយដ៏ធំបំផុតរបស់ទីភ្នាក់ងារនេះជាយូរមកហើយ ដោយបានរួមចំណែកជាង ៨០០លានដុល្លារក្នុងឆ្នាំ ២០២៤។ ចាប់តាំងពីអង្គការនេះបង្កើតឡើងក្នុងឆ្នាំ ១៩៤៦ នាយកប្រតិបត្តិទាំងអស់គឺជាជនជាតិអាមេរិក។
គួរបញ្ជាក់ថា ចាប់តាំងពីវិលត្រឡប់មកកាន់តំណែងក្នុងខែមករា រដ្ឋបាលរបស់លោក ត្រាំ បានកាត់បន្ថយជំនួយបរទេសគិតជាទឹកប្រាក់រាប់ពាន់លានដុល្លារ ក្នុងគោលបំណងធានាឱ្យបាននូវកម្មវិធីស្របតាមគោលនយោបាយ America First៕