(សេអ៊ូល)៖ កូរ៉េខាងជើងបានរិះគន់សហរដ្ឋអាមេរិក សម្រាប់ការដាក់ពង្រាយយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B នៅក្នុងការធ្វើសមយុទ្ធយោធារួមគ្នាមួយកាលពីពេលថ្មីៗនេះជាមួយកូរ៉េខាងត្បូង។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA អ្នកនាំពាក្យម្នាក់នៃក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយថាការដាក់ពង្រាយ យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ គឺជាសកម្មភាពបង្ករឿង។ យន្ដហោះទម្លាក់គ្រាប់បែក B-1B ត្រូវបានដាក់ពង្រាយអំឡុងការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារសប្ដាហ៍នេះរួមជាមួយយន្ដហោះចម្បាំងជាច្រើនគ្រឿងទៀត។ «សកម្មភាពយោធាថ្មីៗនេះរវាងអាមេរិក និងកូរ៉េខាងត្បូង គឺជាការគំរាមកំហែងដោយបើកចំហដល់សន្តិសុខជាតិរបស់ យើង»។ នេះបើតាមសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយ KCNA។

យន្ដហោះ B-1B តែងតែចូលរួមក្នុងការធ្វើសមយុទ្ធយោធារួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង នាប៉ុន្មានឆ្នាំចុងក្រោយនេះដែលកូរ៉េខាងជើងចាត់ទុកថាជាសកម្មភាពត្រៀមលក្ខណៈឈ្លានពានប្រឆាំងនឹងខ្លួន ខណៈ ទីក្រុងសេអ៊ូលអះអាងថាសមយុទ្ធរបស់ខ្លួនជាមួយអាមេរិកមានលក្ខណៈការពារខ្លួនសុទ្ធសាធ៕