(វ៉ាស៉ីនតោន)៖ រដ្ឋ California បានប្តឹងរដ្ឋាភិបាលសហព័ន្ធ ជុំវិញវិធានការដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ ដោយអភិបាល និងអគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋអះអាងថា ប្រធានាធិបតីអាមេរិកមិនមានសិទ្ធិ ដាក់ចេញនូវពន្ធគយនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ ២០២៥។

ច្បាប់សេដ្ឋកិច្ចគ្រាអាសន្នអន្តរជាតិ (IEEPA) គឺជាច្បាប់សហព័ន្ធដែលផ្តល់សិទ្ធិអំណាចដល់ប្រធានាធិបតី ក្នុងការងារគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ និងបង្កកទ្រព្យសម្បត្តិបរទេស ដើម្បីឆ្លើយតបទៅនឹងភាពអាសន្នជាតិ ដែលត្រូវបានគំរាមកំហែងធ្ងន់ធ្ងរ។ បណ្តឹងកាលពីថ្ងៃពុធ បានលើកហេតុផលថា ច្បាប់ IEEPA ដែលលោក ត្រាំ ប្រើជាហេតុផលដើម្បីដំឡើងពន្ធរហូតដល់ ១៤៥ភាគរយ មិនបានចែងថាប្រធានាធិបតីអាមេរិក មានសិទ្ធិដាក់ពន្ធលើទំនិញនាំចូល មកក្នុងសហរដ្ឋអាមេរិកនោះទេ។

អភិបាលរដ្ឋ California លោក Gavin Newsom បញ្ជាក់ថា «ការគ្រប់គ្រងសេដ្ឋកិច្ច តាមរបៀបមិនត្រឹមត្រូវរបស់លោក ត្រាំ កំពុងធ្វើឱ្យប្រជាជនអាមេរិកចំណាយកាន់តែច្រើនប្រចាំថ្ងៃ រាប់បញ្ចូលទាំងមនុស្សជាច្រើនដែលបានបោះឆ្នោត ឱ្យលោកផងដែរ ខណៈដែលរូបលោកកំពុងកាងឱ្យម្ចាស់ជំនួយ និងក្រុមមហាសេដ្ឋីដែលជាមិត្តភក្តិ»។ អគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋ California លោក Rob Bonta បានប្រាប់អ្នកយកព័ត៌មានថា «យើងកំពុងស្នើសុំឱ្យតុលាការ គ្រប់គ្រងប្រធានាធិបតី... និងរក្សារដ្ឋធម្មនុញ្ញ។ លោកប្រធានាធិបតី​ មិនមែនទើបតែអង្គុយលើច្បាប់ម្តងជាពីរដងនោះទេ»

គួរបញ្ជាក់ថា នេះជាចំណាត់ការប្រឆាំងដ៏ខ្លាំងក្លាបំផុត ចំពោះពន្ធគយរបស់ លោក ត្រាំ ដែលបាននាំឱ្យទីផ្សារភាគហ៊ុនសកល ស្ទើរតែឈានទៅរកការដួលរលំ ហើយអាជីវកម្មនៅទូទាំងសហរដ្ឋអាមេរិក មានភាពច្របូកច្របល់។ ដោយមានប្រជាជន ៤០លាននាក់ និងរកចំណូលបានពីទីផ្សារខាងក្រៅ ហើយបានរួមចំណែក ១៤ភាគរយនៃ GDP របស់សហរដ្ឋអាមេរិក រដ្ឋCalifornia ទំនងជាទទួលរងផលប៉ះពាល់ខ្លាំងពីការខូចខាតសេដ្ឋកិច្ច ដោយសារតែការដំឡើងពន្ធគយថ្មីនេះ៕