(តេអេរ៉ង់)៖ រដ្ឋមន្ត្រីការពារជាតិអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ខាលីដ ប៊ីន សាល់ម៉ាន (Khalid bin Salman) បានទៅបំពេញទស្សនកិច្ចនៅទីក្រុងតេអេរ៉ង់ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសានេះ ដើម្បីជួបពិភាក្សាជាមួយមន្ត្រីអ៊ីរ៉ង់ មុនពេលកិច្ចចរចាស្តីពីកម្មវិធីនុយក្លេអ៊ែររវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដែលគ្រោងធ្វើឡើងនៅចុងសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយបន្តដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត SPA។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះកើតឡើងក្នុងបរិបទដ៏តានតឹងជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត រួមទាំងអារ៉ាប៊ីសាអូឌីតផងដែរ បានព្រួយបារម្ភជាយូរមកហើយថា កម្មវិធីនេះអាចនឹងត្រូវប្រើប្រាស់ដើម្បីផលិតអាវុធនុយក្លេអ៊ែរ ទោះបីជាអ៊ីរ៉ង់អះអាងថាវាសម្រាប់គោលបំណងសន្តិភាពក៏ដោយ។
កិច្ចព្រមព្រៀងឆ្នាំ ២០១៥ (JCPOA) ដែលមានគោលបំណងទប់ស្កាត់កម្មវិធីនេះ បានដួលរលំ បន្ទាប់ពីសហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោក ត្រាំ អាណត្តិមុន បានដកខ្លួនចេញ និងដាក់ទណ្ឌកម្មឡើងវិញ។ ចាប់តាំងពីពេលនោះមក អ៊ីរ៉ង់បានបង្កើនសកម្មភាពចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់ខ្លួន។ បច្ចុប្បន្ន រដ្ឋបាលលោក ត្រាំ កំពុងព្យាយាមចរចាដើម្បីឈានដល់កិច្ចព្រមព្រៀងថ្មីមួយ ខណៈដែលអារ៉ាប៊ីសាអូឌីត ដែលជាគូប្រជែងក្នុងតំបន់របស់អ៊ីរ៉ង់ កំពុងតាមដានយ៉ាងដិតដល់នូវកិច្ចពិភាក្សាទាំងនេះ៕