(ប៉េកាំង)៖ នៅថ្ងៃសុក្រ ទី១៨ ខែមេសា ទីក្រុងប៉េកាំងបានចេញមុខអះអាងថា ខ្លួនមិនដែលបានផ្គត់ផ្គង់សព្វាវុធឱ្យទៅភាគីណាមួយ ក្នុងសង្រ្គាមអ៊ុយក្រែននោះឡើយ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថា រូបលោកទទួលបាន​ព័ត៌មានថា ចិនផ្តត់ផ្គង់អាវុធឱ្យរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយដូច្នេះថា «ភាគីចិនមិនដែលបានផ្តល់អាវុធដល់ភាគីណាមួយទេ នៅក្នុងសង្រ្គាមអ៊ុយក្រែន»។ លោក Lin បានបន្តថា «ជំហររបស់ទីក្រុងប៉េកាំងជុំវិញបញ្ហាអ៊ុយក្រែន គឺគ្មានការប្រែប្រួល និងមានភាពច្បាស់លាស់។ យើងតែងតែចូលរួមយ៉ាងសកម្ម ក្នុងកិច្ចប្រឹងប្រែងដើម្បីជួយបញ្ចប់អរិភាព និងស្វែងរកសន្តិភាព សម្រាប់អ៊ុយក្រែន»

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន លោក ហ្សេលេនស្គី ក៏បានអះអាងដែរថា ទីក្រុងកៀវដឹងថា មានជនជាតិចិនយ៉ាងតិច១៥៥នាក់ បានជួយកងកម្លាំងរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ហើយថាកងទ័ពអ៊ុយក្រែន ចាប់បានទាហានចិន២នាក់ នៅតំបន់ Donetsk ភាគខាងកើតប្រទេស៕