(ប៉េកាំង)៖ នៅថ្ងៃទី ១៦ ខែមេសា តាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិស្ថិតិចិនបានបង្ហាញថា តាមការគណនានិងផ្ទៀងផ្ទាត់ជាបឋម ផលិតផលក្នុងស្រុកសរុបរបស់ចិន ប្រចាំត្រីមាសទីមួយ នៃឆ្នាំនេះមានចំនួន ៣១,៨៧៥៨ ទ្រីលានយាន់ប្រាក់ចិន បើគណនាតាមតម្លៃមិនប្រែប្រួល គឺបានកើនឡើង ៥,៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤ ។ និយាយជារួម នៅត្រីមាសទីមួយនៃឆ្នាំនេះ សេដ្ឋកិច្ចចិនមានការចាប់ផ្តើមដ៏ល្អប្រសើរ។

តើត្រូវវាយតម្លៃយ៉ាងណាចំពោះកំណើនសេដ្ឋកិច្ច ៥,៤ ភាគរយ ? ចាប់តាំងពីចូលឆ្នាំនេះមក សហរដ្ឋអាមេរិក បានដំឡើងពន្ធគយជាច្រើនជុំលើដៃគូពាណិជ្ជកម្ម ដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ។ សមិទ្ធផលបែបនេះគឺសម្រេចបានក្នុងបរិបទបែបនេះ ដែលបានមកដោយមិនងាយទេ។

បើមើលយ៉ាងល្អិតល្អន់ពីរបាយការណ៍ស្តីពីសេដ្ឋកិច្ចចិន ប្រចាំត្រីមាសទី១ឆ្នាំនេះ អាចឃើញថា វាមានលក្ខណៈពិសេស យ៉ាងច្បាស់លាស់មួយគឺ "មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចមានភាពរឹងមាំ។"។ ចាប់តាំងពីត្រីមាសទី ១ នៃឆ្នាំនេះមក សន្ទស្សន៍នៃតម្រូវការផ្នែកផលិតកម្មសំខាន់ៗ បានពន្លឿនការស្តារឡើងវិញ តម្លៃបន្ថែមខាងឧស្សាហកម្មទាំងអស់បានកើនឡើង ៦,៣ ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំមុន ហើយតម្លៃបន្ថែមនៃមុខរបរសេវាកម្មបានកើនឡើង ៥,៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុននិងការវិនិយោគ លើអចលនាទ្រព្យ បានកើនឡើង៤,២ ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំមុន ។ លើសពីនេះទៅទៀត សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ ក្នុងវិស័យផលិតកម្មនៅខែមីនា បានកើនឡើងក្នុងរយៈពេលពីរខែជាប់ៗគ្នា ប្រការនេះបង្ហាញថា ការរំពឹងទុករបស់ទីផ្សារ ត្រូវបានកែលម្អជាបន្តបន្ទាប់។

ឈរលើមូលដ្ឋានប្រកបដោយស្ថិរភាព កម្លាំងចលករក៏កាន់តែ"គ្រប់គ្រាន់"ដែរ ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ សេដ្ឋកិច្ចចិនបានធ្វើបរិវត្តកម្មប្រែពីការពឹងផ្អែក ទៅលើការជំរុញដោយការវិនិយោគនិងការនាំចេញទៅជាការជំរុញរួមគ្នាដោយតម្រូវការក្នុងស្រុកនិងការច្នៃប្រឌិតថ្មី ។ បើមើលពីតម្រូវការក្នុងស្រុកអាចឃើញថា ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៥ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមចិនបានកើនឡើង ៤,៦ ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំមុនដែលលឿនជាង ១,១ ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន ហើយកំពុងកើនឡើងវិញពីមួយខែទៅមួយខែ។

បើមើលពីការច្នៃប្រឌិតថ្មីអាចឃើញថា ក្នុងត្រីមាសទីមួយនៃឆ្នាំនេះ តម្លៃបន្ថែមនៃផលិតកម្មកម្មន្ដសាលបច្ចេកវិទ្យាខ្ពស់ របស់ចិនបានកើនឡើង ៩,៧ ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំមុន ដែលខ្ពស់ជាងល្បឿនកំណើននៃតម្លៃបន្ថែម នៃសហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំនៅទូទាំងប្រទេសចំនួន ៣,២ ភាគរយ ប្រការនេះបង្ហាញថា តួនាទីនាំមុខនៃការច្នៃប្រឌិតថ្មី មានសភាពកាន់តែខ្លាំងឡើងៗ ហើយកម្លាំងចលករថ្មីបានពន្លឿនការពូនជ្រំនិងការអភិវឌ្ឍ។

ខណៈពេលដែលខិតខំតស៊ូឆ្ពោះទៅមុខក្នុងកាលៈទេសៈដ៏ស្មុគ្រស្មាញ ប្រទេសចិនបានអនុវត្តវិធានការជាក់ស្តែងជាច្រើន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច ។ ចាប់ពីឆ្នាំ ២០២៤ មក ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសចិនបានដាក់ចេញ គោលនយោបាយជំរុញកំណើនមួយចំនួន ហើយសន្និសីទការងារសេដ្ឋកិច្ចមជ្ឈិមចិន ដែលបើកធ្វើកាលពីឆ្នាំមុនបានតម្រូវឱ្យ គោលនយោបាយម៉ាក្រូកាន់តែវិជ្ជមាន និងកាន់តែមានប្រសិទ្ធភាព។

មូលដ្ឋានគ្រឹះមានភាពរឹងមាំ កម្លាំងចលករគ្រប់គ្រាន់និងវិធានការជាក់ស្តែងជាច្រើនត្រូវបានដាក់ចេញ ថែមទាំងបានបន្តពង្រីក ការបើកទូលាយនិងពង្រីក "រង្វង់មិត្តភក្ដិ" នៃវិស័យពាណិជ្ជកម្ម ហេតុនេះហើយបានជាកម្លាំងទាក់ទាញ នៃសេដ្ឋកិច្ចចិនក៏កាន់តែខ្លាំងឡើងៗ ដែរ។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកទី ៥ និងពិព័រណ៍ទំនិញនាំចេញនាំចូល នៃប្រទេសចិន (ពិព័រណ៍ Caton) លើកទី ១៣៧ បានប្រារព្ធធ្វើនៅប្រទេសចិនដែលជា សក្សីនៃភាពបន្ស៊ីគ្នានៃការរីកចម្រើនរបស់ចិននិងពិភពលោក។

បច្ចុប្បន្ននេះ បរិយាកាសខាងក្រៅមានសភាពកាន់តែស្មុគស្មាញនិងតឹងរ៉ឹង ហើយគាំពារនិយមផ្នែកពាណិជ្ជកម្មកំពុងកើនឡើង ។ ការដំឡើងពន្ធគយខ្ពស់របស់អាមេរិកចំពោះប្រទេសចិន នឹងនាំមកនូវសម្ពាធយ៉ាងខ្លាំងដល់សេដ្ឋកិច្ចចិន ក្នុងរយៈពេលដ៏ខ្លីខាងមុខ តែវាមិនអាចកែប្រែនិន្នាការទូទៅនៃការទៅរកភាពល្អប្រសើរ ក្នុងរយៈពេលយូររបស់សេដ្ឋកិច្ចចិន បានឡើយ ។ ទន្ទឹមនឹងបានអនុវត្ត គោលនយោបាយម៉ាក្រូកាន់តែវិជ្ជមាន និងកាន់តែមានប្រសិទ្ធភាព ប្រទេសចិនមានទីបង្អែក មានជំនឿចិត្តនិងមានសមត្ថភាពក្នុងការឆ្លើយតបនឹង បញ្ហាប្រឈមខាងក្រៅនិងសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ ដែលកំណត់ជាស្រេច៕

វិទ្យុមិត្តភាពកម្ពុជាចិន