(កៀវ)៖ ប្រទេសអ៊ុយក្រែន បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនចំនួនបី នៅថ្ងៃសុក្រ ទី១៨ ខែមេសា មួយថ្ងៃបន្ទាប់ពីប្រធានាធិបតី លោក Volodymyr Zelenskiy បានចោទប្រកាន់ថា ប្រទេសចិនបានផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី ដែលជាការអះអាងមួយត្រូវបានទីក្រុងប៉េកាំងច្រានចោលថាគ្មានមូលដ្ឋាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

កាលពីថ្ងៃព្រហស្បតិ៍ លោក Zelenskiy បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងកៀវថា រដ្ឋាភិបាលរបស់លោកមានភស្តុតាងថាក្រុមហ៊ុនចិនកំពុងផ្គត់ផ្គង់នូវអ្វីដែលលោកហៅថា កាំភ្លើងធំ និងកាំភ្លើងដែលផលិតដោយរុស្ស៊ី ទោះបីជាលោកមិនបានបង្ហាញភស្តុតាងក៏ដោយ។ នៅព្រឹកថ្ងៃសុក្រ ក្រសួងការបរទេសចិនបានច្រានចោលការចោទប្រកាន់នេះថាគ្មានមូលដ្ឋាន ហើយបញ្ជាក់ថា ចិនរក្សាអព្យាក្រឹតភាពក្នុងសង្គ្រាម ទោះបីមានទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធជាមួយរុស្ស៊ីក៏ដោយ។

បញ្ជីទណ្ឌកម្មថ្មីដែលចេញផ្សាយដោយរដ្ឋបាលរបស់លោក Zelenskiy នៅថ្ងៃសុក្រនេះ រួមមានក្រុមហ៊ុនចិនចំនួនបីគឺ Beijing Aviation And Aerospace Xianghui Technology Co. Ltd, Rui Jin Machinery Co. Ltd និង Zhongfu Shenying Carbon Fiber Xining Co. Ltd ដែលត្រូវបានចុះបញ្ជីរួមជាមួយក្រុមហ៊ុនរុស្ស៊ីផ្សេងទៀត។ ឯកសារមិនបានផ្តល់ព័ត៌មានលម្អិត អំពីមូលហេតុជាក់លាក់ដែលក្រុមហ៊ុនទាំងនេះត្រូវបានដាក់ទណ្ឌកម្មនោះទេ ដែលនឹងហាមឃាត់ពួកគេមិនឲ្យធ្វើអាជីវកម្មនៅអ៊ុយក្រែន និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេ។

មុនសង្គ្រាម អ៊ុយក្រែន និងចិនមានទំនាក់ទំនងពាណិជ្ជកម្មសំខាន់ ការនាំចេញរបស់អ៊ុយក្រែនមានតម្លៃ ៨ពាន់លានដុល្លារ និងការនាំចូលមានតម្លៃក្រោម ១១ពាន់លានដុល្លារក្នុងឆ្នាំ២០២១។ កាលពីសប្តាហ៍មុន លោក Zelenskiy ក៏បានអះអាងដែរថា មានជនជាតិចិនកំពុងប្រយុទ្ធឲ្យរុស្ស៊ី ហើយអ្នកការទូតចិនត្រូវបានកោះហៅ ប៉ុន្តែក្រោយមកមន្ត្រីអ៊ុយក្រែន និងអាមេរិកបានបញ្ជាក់ថា បុគ្គលទាំងនោះទំនងជាចូលរួមដោយខ្លួនឯងដើម្បីប្រាក់ឈ្នួល។

គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មនេះអាចនឹងធ្វើឲ្យទំនាក់ទំនងរវាងអ៊ុយក្រែន និងចិន កាន់តែមានភាពតានតឹងបន្ថែមទៀត ខណៈដែលអ៊ុយក្រែនបន្តស្វែងរកការគាំទ្រពីអន្តរជាតិ និងដាក់សម្ពាធលើប្រទេសដែលខ្លួនជឿជាក់ថា កំពុងជួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់រុស្ស៊ី៕