(ឌូបៃ)៖ អ៉ីរ៉ង់ និងសហរដ្ឋអាមេរិក នឹងរៀបចំកិច្ចចរចាជុំទី២ស្ដីពីកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ នៅក្នុងទីក្រុងរ៉ូម ប្រទេសអ៉ីតាលី នៅថ្ងៃសៅរ៍ ទី១៩ ខែមេសា ដើម្បីដោះស្រាយភាពជាប់គាំង អស់រយៈពេលរាប់ទសវត្សរ៍មកនេះ ជុំវិញមហិច្ឆតានុយក្លេអ៊ែរបស់តេហេរ៉ង់ ក្រោមស្រមោលនៃការសម្លុតគំរាមប្រើកម្លាំងយោធារបស់លោក ដូណាល់ ត្រាំ ប្រសិនបើកិច្ចចរចាតាមផ្លូវការទូត បរាជ័យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi និងបេសកជនពិសេសរបស់លោក ត្រាំ គឺលោក Steve Witkoff នឹងត្រូវចរចាគ្នាដោយប្រយោលតាមរយៈអ្នកសម្របសម្រួលមកពីប្រទេស អូម៉ង់ មួយសប្ដាហ៍បន្ទាប់ពីកិច្ចចរចាជុំទី១ ក្នុងទីក្រុង Muscat នៃប្រទេសអូម៉ង់ ដែលត្រូវបានភាគីទាំង២អះអាងថាបានប្រព្រឹត្តទៅប្រកបដោយលក្ខណៈស្ថាបនា។ លោក Araqchi កាលពី ថ្ងៃសុក្របាននិយាយថាការឈានដល់កិច្ចព្រមព្រៀងមួយស្ដីពីកម្មវិធីនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក អាចធ្វើទៅរួច ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមានភាពប្រាកដប្រជា។ ចំណែក មេដឹកនាំ កំពូលរបស់អ៉ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថាលោកមិនមានសុទិដ្ឋិនិយមខ្លាំងពេក ហើយក៏មិនមានទុទិដិ្ឋនិយមខ្លាំងពេកនោះដែរ។
លោក ត្រាំ ដែលបានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥រវាងអ៉ីរ៉ង់ និងមហាអំណាចពិភពលោកចំនួន៦ អំឡុងអាណត្តិទី១កាលពីឆ្នាំ២០១៨ ហើយបានដាក់ ទណ្ឌកម្មឡើងវិញប្រឆាំងតេហេរ៉ង់ បាន និងកំពុងបង្កើនការដាក់សម្ពាធជាអតិបរាមាលើអ៉ីរ៉ង់ ចាប់តាំងពីលោកស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទី២ កាលពីខែមករាមក។ លោក ត្រាំ ថែមទាំងគំរាមទៀតផងថាសហរដ្ឋអាមេរិកអាចនឹងប្រើប្រាស់ជម្រើសយោធា ប្រសិនបើអ៉ីរ៉ង់មិនព្រមចុះកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ស្ដីពីកម្មវិធីនុយក្លេអ៊ែរ៕