(មូស្គូ)៖ ព្រះចៅស៊ុលតង់ Haitham bin Tariq al-Said នៃប្រទេសអូម៉ង់ គ្រោងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ នាថ្ងៃចន្ទសប្តាហ៍ក្រោយ ប៉ុន្មានថ្ងៃបន្ទាប់ពីមានកិច្ចចរចានុយក្លេអ៊ែរសម្របសម្រួលដោយទីក្រុង Muscat រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ ២០២៥។
វិមានក្រឹមឡាំង បានឱ្យដឹងថា ព្រះចៅស៊ុលតង់នឹងជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអង្គារ។ ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់អូមង់ និងវិមានក្រឹមឡាំងបាននិយាយថា ដំណើរទស្សនកិច្ចរបស់ព្រះចៅស៊ុលតង់ នៅទីក្រុងមូស្គូ នឹងផ្តោតលើកិច្ចសហប្រតិបត្តិការលើបញ្ហាក្នុងតំបន់ និងពិភពលោក។ ក្រៅពីនេះ អាចមានការពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
គួរបញ្ជាក់ថា អ៉ីរ៉ង់ និងសហរដ្ឋអាមេរិក បានជួបចរចាគ្នាជុំទីពីរ នៅក្នុងទីក្រុងរ៉ូម ប្រទេសអ៉ីតាលី នាថ្ងៃសៅរ៍នេះ ដើម្បីដោះស្រាយបញ្ហាប្រឈមជាច្រើនទសវត្សរ៍របស់ពួកគេជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរ របស់ទីក្រុងតេហេរ៉ង់ ក្រោមស្រមោលនៃការគំរាមកំហែងរបស់ លោក ដូណាល់ ត្រាំប្រធានាធិបតីអាមេរិក ថានឹងប្រេីសកម្មភាពយោធា ប្រសិនបើបរាជ័យតាមផ្លូវការទូត៕