(អ៉ីស្លាម៉ាបាដ)៖ រដ្ឋាភិបាលប៉ាគីស្ថាននិយាយថា មនុស្សចំនួន ១៦០នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីមនុស្សមួយក្រុមធ្វើការវាយប្រហារ ២០លេីកដាច់ដោយឡែក ទៅលើហាងអាហារ KFC និងមានការបាញ់សម្លាប់បុគ្គលិកម្នាក់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ ២០២៥។
ហាងអាហារ Fast food ដែលបង្កើតដោយជនជាតិអាមេរិកនេះ បានក្លាយជាគោលដៅនៃការតវ៉ា និងធ្វេីពហិការពីសំណាក់ប្រជាជនកាន់សាសនាឥស្លាម ចាប់តាំងពីសង្រ្គាមនៅតំបន់ហ្កាហ្សាផ្ទុះឡេីង ដោយភ្ជាប់ម៉ាកយីហោទៅនឹងការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអ៉ីស្រាអែល។ ហ្វូងមនុស្សបានតវ៉ានៅខាងក្រៅ KFC ម្តងហើយម្តងទៀតក្នុងខែនេះ ដោយវាយបំបែកបង្អួច ដុតបំផ្លាញ និងគំរាមបុគ្គលិក។
អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Talal Chaudhry បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃសៅរ៍នេះថា មានឧប្បត្តិហេតុសរុបចំនួន ២០ កើតឡើងនៅទូទាំងប្រទេសប៉ាគីស្ថាន។ បុគ្គលិក KFC ម្នាក់ ត្រូវបានបាញ់សម្លាប់នៅសាខាមួយ នៅឯជាយក្រុង Lahore នៃខេត្ត Punjab ។
មន្ត្រីប៉ូលិសម្នាក់បានប្រាប់ AFP ថា គេមិនទាន់ច្បាស់ទេពីហេតុផលនៃការបាញ់ប្រហារ ឬថាតើវាពាក់ព័ន្ធនឹងការតវ៉ានាពេលថ្មីៗនេះឬយ៉ាងណា។ មនុស្សចំនួន ១៤៥នាក់ត្រូវបានចាប់ខ្លួននៅក្នុងខេត្ត Punjab និង ១៥នាក់នៅរដ្ឋធានី Islamabad។
គួរបញ្ជាក់ថា ហាង KFC មួយកន្លែងក្នុងតំបន់ Kashmir គ្រប់គ្រងដោយប៉ាគីស្ថាន ត្រូវបានដុតបំផ្លាញ កាលពីខែមីនាឆ្នាំមុន ខណៈដែលក្រុមអ្នកតវ៉ាស្រែកថា ដោះលែងប៉ាឡេស្ទីន៕