(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃសៅរ៍ ទី១៩ ខែមេសា នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាយ៉ាងមុតមាំរបស់លោក ក្នុងការទប់ស្កាត់មិនឱ្យប្រទេសអ៉ីរ៉ង់ មានអាវុធនុយក្លេអ៊ែរ ហើយប្រកាសថា រូបលោកនឹងមិនរាថយដាច់ខាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំប្តេជ្ញាយ៉ាងមោះមុតចំពោះការទប់ស្កាត់ មិនឱ្យអ៉ីរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរ។ ខ្ញុំនឹងមិនបោះបង់ចោលកិច្ចប្រឹងប្រែងនេះ មិនបន្ធូរដៃ និងមិនដកថយសូម្បីតែបន្តិចឡើយ»។
គួរបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍កាលពីថ្ងៃសៅរ៍ របស់ទីភ្នាក់ងារព័ត៌មាន Reuters អ៉ីស្រាអែលមិនបានច្រានចោលឡើយ ចំពោះលទ្ធភាពនៃការវាយប្រហារលើ ទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ក្នុងអំឡុងពេលប៉ុន្មានខែខាងមុខ ទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់លោក Netanyahu ថា សម្រាប់ពេលនេះ អាមេរិកមិនគាំទ្រឱ្យធ្វើបែបនោះក៏ដោយ។
ក្រុមមន្រ្តីអ៉ីស្រាអែលធ្លាប់បានប្តេជ្ញាថា នឹងរារាំងមិនឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ ហើយលោក Netanyahu ក៏បាននិយាយថា ការចរចាណាមួយជាមួយអ៉ីរ៉ង់ ចាំបាច់ត្រូវតែនាំទៅរក ការរំសាយចោលទាំងស្រុង នូវកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់។ កាលពីថ្ងៃសៅរ៍ ក្រុមអ្នកចរចារបស់សហរដ្ឋអាមេរិកនិងអ៉ីរ៉ង់ ទើបតែបានជួបគ្នា ក្នុងកិច្ចពិភាក្សានុយក្លេអ៊ែរជុំទី២ នៅឯទីក្រុងរ៉ូម៕