(ម៉ូស្គូ)៖ នៅថ្ងៃអាទិត្យនេះ រុស្ស៊ី និងអ៊ុយក្រែន បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់គ្នាសម្រាប់ឱកាសបុណ្យ Easter ដែលត្រូវបានប្រកាសជាឯកតោភាគីដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ២០២៥។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានវាយបកការវាយប្រហាររបស់អ៊ុយក្រែនពេញមួយយប់នៅក្នុងតំបន់ Donetsk ខណៈដែលកងទ័ពរុស្ស៊ី «នៅតែស្ថិតក្នុងជួរ និងទីតាំងដែលបានកាន់កាប់ពីមុន» ដោយគោរពតាមបទឈប់បាញ់។ ក្រសួងបានអះអាងថា កងកម្លាំងអ៊ុយក្រែនបានបាញ់មកលើទីតាំងរុស្ស៊ីចំនួន ៤៤៤ដង និងបានធ្វើការវាយប្រហារដោយដ្រូនជាង ៩០០ដង។
ផ្ទុយទៅវិញ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានចោទប្រកាន់រុស្ស៊ីថាបានរំលោភបទឈប់បាញ់ដែលខ្លួនប្រកាសដោយខ្លួនឯង។ លោកបានថ្លែងនៅថ្ងៃអាទិត្យថា មានសកម្មភាពវាយលុករបស់រុស្ស៊ីចំនួន ២៦លើក បានកើតឡើងចាប់ពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃអាទិត្យ រហូតដល់ពេលថ្ងៃត្រង់ថ្ងៃអាទិត្យនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាស «បទឈប់បាញ់បុណ្យ Easter» ក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន ដោយចាប់ផ្តើមល្ងាចថ្ងៃសៅរ៍រហូតដល់ថ្ងៃចន្ទ៕