(ហ្សេរុយសាឡឹម)៖ ប្រធានសេវាចារកម្មក្នុងស្រុករបស់អ៊ីស្រាអែល (Shin Bet) លោក Ronen Bar បានទម្លាយនៅថ្ងៃចន្ទនេះថា ការប៉ុនប៉ងរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ក្នុងការបណ្តេញលោកចេញពីតំណែង គឺបណ្តាលមកពីការបដិសេធរបស់លោកក្នុងការបំពេញតាមសំណើរសុំចារកម្មលើក្រុមបាតុករអ៊ីស្រាអែល និងការរំខានដល់ដំណើរការសវនាការសំណុំរឿងអំពើពុករលួយរបស់លោក Netanyahu។ នេះបើយោងតាមលិខិតបញ្ជាក់របស់លោក Bar ដាក់ជូនតុលាការកំពូល និងរាយការណ៍បន្តដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥។

នៅក្នុងលិខិតបញ្ជាក់នោះ លោក Bar បានអះអាងថា ការសម្រេចចិត្តរបស់លោក Netanyahu កាលពីខែមីនា ដើម្បីបណ្តេញលោកចេញ មិនមែនផ្អែកលើហេតុផលវិជ្ជាជីវៈទេ ប៉ុន្តែត្រូវបានជំរុញដោយការរំពឹងទុកដែលមិនបានបំពេញ ចំពោះភក្ដីភាពផ្ទាល់ខ្លួន ចំពោះនាយករដ្ឋមន្ត្រី។ លោក Bar បានបញ្ជាក់ថា លោកបានបដិសេធមិនធ្វើតាមការទាមទាររបស់លោក Netanyahu ឲ្យប្រើប្រាស់សេវាស៊ើបការណ៍សម្ងាត់ប្រឆាំងនឹងក្រុមបាតុករប្រឆាំងរដ្ឋាភិបាល និងបានបដិសេធមិនចុះហត្ថលេខាលើសំណើរសន្តិសុខ ដែលមានគោលបំណងការពារការផ្តល់សក្ខីកម្មរបស់លោក Netanyahu ក្នុងសវនាការសំណុំរឿងពុករលួយ។

ចំណាត់ការបណ្តេញលោក Bar បានបង្កឲ្យមានការតវ៉ាទ្រង់ទ្រាយធំនៅអ៊ីស្រាអែល ហើយត្រូវបានតុលាការកំពូលបង្គាប់ឲ្យផ្អាក បន្ទាប់ពីក្រុមអ្នកឃ្លាំមើល និងអ្នកតំណាងរាស្ត្របក្សប្រឆាំងប្តឹងថា វាខុសច្បាប់ និងមានទំនាស់ផលប្រយោជន៍។ អ្នករិះគន់ចោទរដ្ឋាភិបាលថា កំពុងបំផ្លាញស្ថាប័នរដ្ឋ ខណៈគណបក្ស Likud របស់លោក Netanyahu បានចោទប្រកាន់លោក Bar ថា បានធ្វើសកម្មភាពប្រឆាំងនាយករដ្ឋមន្ត្រី។

រដ្ឋាភិបាល​បាន​គាំទ្រ​ការ​លើកឡើង​របស់​លោក Netanyahu ថា​មូលហេតុ​នៃ​ការ​ចង់​បណ្ដេញ​លោក Bar គឺ​ការ​បាត់បង់​ទំនុកចិត្ត​ក្រោយ​ការ​វាយប្រហារ​ថ្ងៃ​ទី ៧ តុលា ២០២៣។ ទោះ​យ៉ាង​ណា លោក Bar បាន​បដិសេធ​ក្នុង​លិខិត​បញ្ជាក់ ដោយ​អះអាង​ថា ការ​ប៉ុនប៉ង​បណ្ដេញ​លោក​ចេញ​បាន​ចាប់ផ្ដើម​ច្រើន​ជាង​មួយ​ឆ្នាំ​ក្រោយ​មក ហើយ​មូលហេតុ​ពិត​ប្រាកដ​គឺ​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ថ្មីៗ​ រួម​មាន​ការ​ស៊ើបអង្កេត​លើ​ការ​លេច​ធ្លាយ​ឯកសារ​សម្ងាត់ ទំនាក់ទំនង​ជំនួយការលោក Netanyahu និងកាតា និង​ការ​ស៊ើបអង្កេត​ផ្ទៃក្នុង​របស់ Shin Bet (សេវាចារកមកម្ម) ដែល​ប៉ះពាល់​ដល់​រដ្ឋាភិបាល។

គួរបញ្ជាក់ថា ជម្លោះរវាងនាយករដ្ឋមន្ត្រី និងប្រធានសេវាសន្តិសុខផ្ទៃក្នុងនេះ កំពុងបន្ថែមភាពតានតឹងដល់ស្ថានភាពនយោបាយនៅក្នុងប្រទេសអ៊ីស្រាអែល ដែលកំពុងតែប្រឈមនឹងបញ្ហាជាច្រើនស្រាប់៕