(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ បានសន្យាថានឹងសម្រេចឱ្យបានបទឈប់បាញ់មួយរវាងរុស្ស៉ី និងអ៊ុយក្រែន ក្នុងរយៈពេល ២៤ម៉ោង នៅពេលត្រឡប់មកកាន់តំណែងជាប្រធានាធិបតីអាមេរិក។ ៣ខែ កន្លងផុតទៅ សង្រ្គាមនៅតែបន្ត ហើយក្ដីសង្ឃឹមនៃបទឈប់បាញ់កាន់តែមានភាពស្រពេចស្រពិល។ លោក ដូណាល់ ត្រាំ បានបរាជ័យក្នុងការទាញយកសម្បទានធំដុំណាមួយពីរុស្ស៉ី បើទោះជាក្រុមមន្ត្រីរបស់លោកបានជួបចរចាជាមួយក្រុមមន្ត្រីរុស្ស៉ីជាច្រើនលើកមកនេះក៏ដោយ។ មិនតែប៉ុណ្ណោះលោកថែមទាំងហៅលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ថាជាជនផ្ដាច់ការម្នាក់ទៀតផង។

ផ្ទុយទៅវិញ ព្រមពេលជាមួយគ្នា ការព្យាយាមរបស់លោក ត្រាំ ក្នុងការស្ដារទំនាក់ទំនងឡើងវិញជាមួយលោក ពូទីន បានធ្វើឱ្យសហរដ្ឋអាមេរិកឃ្លាតឆ្ងាយពីអ៊ុយក្រែន និងបង្កទៅជាការបែកបាក់គ្នារវាងអឺរ៉ុប និងអាមេរិក។ ខណៈនៅរុស្ស៉ី មានមនុស្សជាច្រើនដែលសប្បាយចិត្តចំពោះលទ្ធភាពនៃទំនាក់ទំនងជិតស្និទ្ធជាមួយសេតវិមាន នៅឯអ៊ុយក្រែនឯណោះវិញ ក្ដីសង្ឃឹមចំពោះសន្តិភាពយូរអង្វែងបាន និងកំពុងចាប់ផ្ដើមសាបរលាប។ «គ្មានលទ្ធផលអ្វីសោះកំពុងកើតឡើង។ តែជាក់ស្ដែង ប្រជាជនបានស្ដាប់ឮស្នូរសំឡេងស៊ីរ៉ែនប្រកាសអាសន្នជារៀងរាល់ថ្ងៃ។ មើលឃើញការទម្លាក់គ្រាប់បែក និងមនុស្សត្រូវបានសម្លាប់»។ នេះជាការលើកឡើងរបស់លោក Tymofiy Mylovanov ជានាយកសាកលវិទ្យាល័យ Kyiv School of Economics ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP។

ចាប់តាំងពីលោក ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទី២ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ក្រុមមន្ត្រីអាមេរិកបានរៀបចំកិច្ចចរចាជាច្រើនលើកជាមួយក្រុមមន្ត្រីរុស្ស៉ី រួមទាំងក្រុមមន្ត្រីអ៊ុយក្រែន ក្នុងគោលបំណងស្វែងរកបទឈប់បាញ់។ ប៉ុន្តែ ខណៈអង្គុយចរចាជាមួយអាមេរិក រុស្ស៉ីនៅតែបន្តការវាយប្រហារតាមផ្លូវអាកាសលើបណ្ដាក្រុងអ៊ុយក្រែនដោយសម្លាប់មនុស្សជាច្រើននាក់ក្នុងពេល២សប្ដាហ៍មកនេះ ជាពិសេសក្នុងតំបន់ Sumy ជាទីដែលមីស៊ីលបាលិស្ទីគ២គ្រាប់របស់រុស្ស៉ីបានសម្លាប់មនុស្ស ៣៥នាក់ និងជាង១០០នាក់ទៀតរងរបួស កាលពីថ្ងៃទី១៣ ខែមេសា។

* លោកជាតារាសម្ដែង
មកទល់នឹងពេលនេះ គេឃើញមានការរីកចម្រើនតិចតួចប៉ុណ្ណោះនៅក្នុងកិច្ចប្រឹងប្រែងស្វែងរកបទឈប់បាញ់របស់លោក ត្រាំ។ លោក ពូទីន បានទាត់ចោលសំណើរួមគ្នាមួយរបស់សហរដ្ឋអាមេរិក និងអ៊ុយក្រែនដែលទាមទារឱ្យមានបទឈប់បាញ់ពេញលេញមួយដោយគ្មានលក្ខខណ្ឌកាលពីខែមីនាកន្លងទៅ។ រុស្ស៉ី និងអ៊ុយក្រែនបានយល់ព្រមផ្អាកការវាយប្រហារតាមផ្លូវអាកាសលើហេដ្ឋារចនាសម្ព័ន្ធថាមពល តែភាគីទាំង២ នៅតែចោទប្រកាន់គ្នាទៅវិញទៅមកអំពីការរំលោភបំពានលើបទឈប់បាញ់មួយផ្នែកនេះ។ ទីក្រុងមូស្គូបាននិយាយកាលពីថ្ងៃទី១៨ ខែមេសាថាការផ្អាកនេះបានផុតសុពលភាព ហើយកងទ័ពរុស្ស៉ីនៅតែបន្តភាពរីកចម្រើនទៅមុខនៅលើសមរភូមិនៃតំបន់ភាគខាងកើតអ៊ុយក្រែន បើទោះជាភាពរីកចម្រើនមានយឺតយ៉ាវបើធៀបទៅនឹងកាលពីចុងឆ្នាំ២០២៤ក៏ដោយ។ លើសពីនេះទៅទៀត កងទ័ពរុស្ស៉ីក៏កំពុងវាយបណ្ដេញកងទ័ពអ៊ុយក្រែនចេញពីតំបន់ Kursk ស្ទើរតែទាំងស្រុងផងដែរ ខណៈកំពុងវាយរុលទៅមុខនៅតាមសមរភូមិមួយចំនួននៃតំបន់ Sumy ស្ថិតនៅភាគឦសានអ៊ុយក្រែន។

Oleksandr ជាទាហានអ៊ុយក្រែនម្នាក់បាននិយាយថារូបលោកតែងតែមានគំនិតអវិជ្ជមានចំពោះលោក ត្រាំ ហើយគំនិតអវិជ្ជមាននេះមានមកទល់នឹងឥលូវ។ « គាត់ (លោក ត្រាំ) មិនមែនជាអ្នកនយោបាយ នោះទេ តែគាត់ជាតារាសម្ដែងម្នាក់»។ នេះជាការលើកឡើងរបស់ទាហានអ៊ុយក្រែនវ័យ២២ឆ្នាំរូបនេះ។ រដ្ឋបាលលោក ត្រាំ បានកាត់ផ្ដាច់ជំនួយមួយរយៈពេលខ្លីសម្រាប់អ៊ុយក្រែនកាលពីខែមីនា ដែលនេះជាបរាជ័យដ៏ធំមួយសម្រាប់អ៊ុយក្រែន។ ការសម្រេចចិត្តបែបនេះដែរជាការដើរចេញទាំងស្រុងពីគោលនយោបាយរបស់រដ្ឋបាលអតីតប្រធានាធិបតី លោក ចូ បៃដិន ដែលបានសន្យាថា «សហរដ្ឋអាមេរិក នឹងផ្ដល់ជំនួយដល់អ៊ុយក្រែន ដរាបណាអ៊ុយក្រែននៅតែត្រូវការជំនួយទាំងនោះ»។ លោក ត្រាំ ក៏បានបន្ទរតាមពីក្រោយគំនិតរបស់លោក ពូទីនផងដែរ នោះគឺចង់ឱ្យមានការរៀបចំការបោះឆ្នោតសកលនៅអ៊ុយក្រែន ដើម្បីស្វែងរកអ្នកជំនួសលោក ហ្សេលេនស្គី ជាមនុស្សម្នាក់ដែលលោក ត្រាំ អះអាងថាមានអត្រាគាំទ្រត្រឹម៤ភាគរយប៉ុណ្ណោះ។

ភាពតានតឹងរវាងលោក ត្រាំ និងលោក ហ្សេលេនស្គី បានផ្ទុះឡើងកាលពីខែកុម្ភៈ ក្នុងជំនួបមួយនៅឯសេតវិមាន នៅពេលដែលអ្នកទាំង២បានទាស់សម្ដីគ្នាខ្លាំង រហូតដល់លោក ត្រាំត្រូវបានរាយការណ៍ថា បានប្រាប់លោក ហ្សេលេនស្គីចេញពីសេតវិមាន ហើយថាមេដឹកនាំអ៊ុយក្រែនរូបនេះមិនបានផ្ដល់ការគោរពដល់សហរដ្ឋអាមេរិក។ មកទល់ពេលនេះ ពោលគឺប៉ុន្មានថ្ងៃក្រោយការវាយប្រហារដ៏ប្រល័យបំផុត មួយរបស់រុស្ស៉ីលើតំបន់ Sumy លោក ត្រាំ បានទាញក្បាលមេក្រូរិះគន់លោក ហ្សេលេនស្គី និងអ៊ុយក្រែនសាជាថ្មី។ «អ្នកមិនគួរចាប់ផ្ដើមសង្រ្គាមតតាំងនឹងប្រទេសមួយដែលមានទំហំធំជាងប្រទេសរបស់អ្នក ២០ដងនោះទេ»។ នេះជាការកត់សម្គាល់របស់លោក ត្រាំ ដោយចង់សំដៅលើលោក ហ្សេលេនស្គី។ តែតាមពិតទៅ រុស្ស៉ីបានលើកទ័ពចូលឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២។​

* អ្វីដែលកំពុងបាត់បង់ គឺសន្តិភាព
លោក ត្រាំ ក៏បានរិះគន់រុស្ស៉ីផងដែរ ដោយលោកបានប្រាប់ឱ្យទីក្រុងមូស្គូធ្វើសកម្មភាពឆ្ពោះទៅរកបទឈប់បាញ់ ហើយបានប្រាប់ NBC News កាលពីខែមីនាថាលោកខឹងសម្បារនឹងលោក ពូទីន យ៉ាងខ្លាំង។ ប៉ុន្តែ ការខឹងសម្បាររបស់លោក ត្រាំ នៅតែបង្កប់ការផ្សះផ្សារជាមួយលោក ពូទីន។ វិមានក្រឹមឡាំងបាននិយាយកាលពីខែមីនាថាការផ្លាស់ប្ដូររបស់លោក ត្រាំ នៅក្នុងគោលនយោបាយការបរទេសមានមួយផ្នែកធំស៊ីគ្នានឹងគំនិតរបស់រុស្ស៉ី ក្រោយទីក្រុងវ៉ាស៊ីនតោនឈរខាងទីក្រុងមូស្គូចំនួន២លើក ក្នុងការបោះឆ្នោតនៅឯអង្គការសហប្រជាជាតិ។ សម្រាប់អ្នកមួយចំនួនរស់នៅក្នុងទីក្រុងតូចមួយរបស់រុស្ស៉ី Vereya ការខិតជិតគ្នានេះបានផ្ដល់អារម្មណ៍នៃក្ដីសង្ឃឹម។ Alisa មានអាយុ២០ឆ្នាំ បាននិយាយថា អ្វីៗគ្រប់យ៉ាង នឹងល្អប្រសើរឡើងសម្រាប់រុស្ស៉ី។ ស្រ្តីវ័យក្មេងរូបនេះបន្តថា «អ្វីដែលខ្ញុំបានឃើញនៅលើ សារព័ត៌មាន នោះគឺកិច្ចចរចារវាងលោក ពូទីន និងលោក ត្រាំ ហើយនៅក្នុងគំនិតរបស់ខ្ញុំ កិច្ចចរចាទាំងនោះពិតជានឹងជោគជ័យ»។ ប៉ុន្តែ សម្រាប់នាង Elena Solodkaya មានអាយុ៣៧ឆ្នាំ ការសង្ស័យ នៅតែមាន។ ពីព្រោះគេអាចជឿជាក់ ឬផ្ញើក្ដីសង្ឃឹមលើអ្នកនយោបាយ។ តែចំពោះលោក ត្រាំ គឺមិនអាចនោះទេ៕