(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទ ទី២១ ខែមេសា ថារូបលោកនៅតែបន្តគាំទ្ររដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ប្រមុខមន្ទីរបញ្ចកោណរូបនេះបានចែករំលែកព័ត៌មានសម្ងាត់អំពីផែនការវាយប្រហារកាលពីខែមីនា លើក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន នៅក្នុងគ្រុបឆាតមួយផ្សេងទៀតដែលរួមមានបញ្ចូលទាំងភរិយា បងប្អូន និងមេធាវីផ្ទាល់ខ្លួនរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការទម្លាយថាលោក Hegseth បានប្រើប្រាស់កម្មវិធីផ្ញើសារ Signal ដើម្បីចែករំលែកព័ត៌មានសន្តិសុខរសើបៗជាលើកទី២ កើតមានឡើងចំពេលមានភាពមិនច្បាស់លាស់ចំពោះរូបលោកផ្ទាល់ និងមន្ទីរបញ្ចកោណ ជាទីដែលមន្ត្រីជាន់ខ្ពស់មួយចំនួនត្រូវបានបណ្ដេញចេញពីការងារកាលពីសប្ដាហ៍មុន ក្រោមក្របខណ្ឌនៃការស៊ើបអង្កេតផ្ទៃក្នុង។ តែទោះជាយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ លោក ត្រាំ នៅតែបង្ហាញការគាំទ្រ ចំពោះលោក Hegseth។ លោក ត្រាំ បាននិយាយថា «លោក Hegseth កំពុងធ្វើការងារដ៏អស្ចារ្យ។ អ្នកគ្រប់គ្នារីករាយជាមួយគាត់»។ នៅពេលត្រូវបានសាកសួរថាតើរូបលោកនៅតែមានទំនុកចិត្តលើលោក Hegseth ដែរឬទេ? លោក ត្រាំ បានឆ្លើយថាពិតណាស់ លោកមានទំនុកចិត្តលើលោកប្រមុខការពារជាតិអាមេរិក។ ព្រមពេលជាមួយគ្នា អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ក៏បានច្រានចោលផងដែរ សេចក្ដីរាយការណ៍របស់វិទ្យុជាតិអាមេរិក (National Public Radio) ដែលថាលោក ត្រាំ កំពុងចាប់ផ្ដើមស្វែងរកមនុស្សមកជំនួសលោក Hegseth។

គួរបញ្ជាក់ថា កាសែតអាមេរិក New York Times កាលពីថ្ងៃទី២០ ខែមេសា បានរាយការណ៍ថា លោក Hegseth បានចែករំលែកព័ត៌មានអំពីការវាយប្រហារ កាលពីថ្ងៃទី១៥ ខែមីនា នៅក្នុងគ្រុបឆាតទី២ នៅលើកម្មវិធី Signal ហើយព័ត៌មានទាំងនោះរួមមាន ពេលវេលានៃការចេញធ្វើប្រតិបតិ្តរបស់យន្ដហោះចម្បាំង F-18 ដើម្បីវាយប្រហារលើក្រុមហ៊ូទី។ ប៉ុន្តែ ខុសប្លែកពីការបែកធ្លាយកាលពីលើកមុន ដែលអ្នកកាសែត Jeffrey Goldberg ត្រូវបាន បញ្ចូលក្នុងគ្រុបឆាតដោយចៃដន្យ គ្រុបឆាតលើកនេះត្រូវបានបង្កើតឡើងដោយលោក Hegseth ផ្ទាល់តែម្ដង។ លោក Hegseth បានបញ្ចូលភរិយា និងមនុស្សជិតស្និទ្ធនឹងរូបលោកជាច្រើននាក់ កាលពីខែមករា មុននឹងរូបលោកត្រូវបានព្រឹទ្ធសភាទទួលស្គាល់ជារដ្ឋមន្ត្រីការពារជាតិអាមេរិក៕