(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ សាកលវិទ្យាល័យ Harvard បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការក្រុង Boston ដើម្បីរារាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពីការបង្កកថវិការាប់ពាន់លានដុល្លារនៅក្នុងមូលនិធិសហព័ន្ធ ក្រោយស្ថាប័នស្រាវជ្រាវនៃសាកលវិទ្យាល័យ បានច្រានចោលការទាមទារពីសេតវិមាន ដោយលើកឡើងពីផលប៉ះពាល់ចំពោះឯករាជ្យភាពរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ ២០២៥។
ពាក្យបណ្តឹងនោះមានខ្លឹមសារថា លោក ត្រាំ កំពុងចាត់វិធានការទូលំទូលាយ លើមូលនិធិសម្រាប់ការស្រាវជ្រាវ តាមសាកលវិទ្យាល័យធំៗ ខណៈដែលលោកស្វែងរកការលុបបំបាត់ចោល នូវអ្វីដែលលោកចាត់ទុកជាការប្រឆាំងបក្ខពួកនិយម និងភាពលំអៀងដោយមនោគមវិជ្ជា។ ករណីនេះ គឺរដ្ឋាភិបាលចង់យកវិធីកាត់បន្ថយមូលនិធិ មកប្រើប្រាស់ដើម្បីគ្រប់គ្រងលើការសម្រេចចិត្ត ផ្នែកសិក្សាអប់រំរបស់ Harvard។ Harvard ចោទប្រកាន់ថារដ្ឋបាលលោក ត្រាំ បានបំពាន និងធ្វើការខុសច្បាប់ ហើយរំលោភសិទ្ធិបញ្ចេញមតិរបស់សាកលវិទ្យាល័យ។
គួរបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ បានចាប់ផ្តើមពិនិត្យឡើងវិញលើថវិកាចំនួន ៩ពាន់លានដុល្លារនៅក្នុងមូលនិធិសហព័ន្ធ សម្រាប់សាកលវិទ្យាល័យ Harvard ក្នុងខែមីនា ហើយក្រោយមកបានដាក់លក្ខខណ្ឌជាច្រើន រាប់ចាប់តាំងពីការហាមឃាត់មិនឱ្យទទូរកន្សែង រហូតដល់ការស្នើឱ្យបិទកម្មវិធីសកម្មភាព ដោយសមធម៌ និងការរួមបញ្ចូលគ្នា។
ក្រៅពី Harvard រដ្ឋបាលលោក ត្រាំ បានផ្អាកការផ្តល់មូលនិធិមួយចំនួន សម្រាប់សាកលវិទ្យាល័យផ្សេងទៀតដូចជា Columbia, Princeton, Cornell, Northwestern និង Brown ជុំវិញការតវ៉ានៅបរិវេណសាលា។ ប៉ុន្តែ Harvard គឺជាសាកលវិទ្យាល័យដំបូងគេ ដែលដាក់ពាក្យបណ្តឹងដើម្បីឆ្លើយតបទៅនឹងចំណាត់ការបែបនេះ៕